សម្តេចក្រឡាហោម៖ បើគ្មានវិធានការទប់ស្កាត់ឆ្នាំ២០២០អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នឹងកើនជាង៣ពាន់នាក់
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទាន់ពេលវេលានោះទេ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាក្នុងឆ្នាំ២០២០នឹងធ្វើឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ជាង៣ពាន់នាក់ ខណៈបញ្ហានេះនៅតែជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់កម្ពុជានោះ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៩ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា តាមរបាយការណ៍ស្ថានភាពពិភពលោកស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសុខភាពពិភពលោក គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានជាប់ចំណាត់ថ្នាក់ទី៩ នៃគ្រោះថ្នាក់សង្គមដោយបានសម្លាប់មនុស្សប្រមាណ ១.២៥០.០០០នាក់ និងរងរបួសប្រមាណ៥០លាននាក់ ព្រមទាំងមានការខាតបង់សេដ្ឋកិច្ចអស់ជាច្រើន ជារៀងរាល់ឆ្នាំទូទាំងពិភពលោក។

សម្ដេចក្រឡាហោមបានបន្តយ៉ាងដូច្នេះថា «នៅកម្ពុជាយើង តាមការប៉ាន់ប្រមាណរបស់អ្នកជំនាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេនោះ ចំនួនអ្នកស្លាប់នឹងកើនឡើងដល់ ៣.២០០នាក់ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ។ ដូច្នេះយើងត្រូវរួមគ្នាដើម្បីទប់ស្កាត់វាដើម្បីអាយុជីវិតពលរដ្ឋខ្មែរយើងទាំងអស់គ្នា។»។

សម្តេចក្រឡាហោម បានបន្ថែមទៀតថា ដើម្បីបន្តការងាររបស់គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ឲ្យសម្រេចបានល្អប្រសើរថែមទៀត សម្ដេចស្នើដល់ថ្នាក់ដឹកនាំជាតិ និងថ្នាក់រាជធានី-ខេត្ត ត្រូវបន្តជំរុញអនុវត្តឲ្យបានសម្រេចតាមទិសដៅដែលបានដាក់ចេញ ក្នុងរបាយការណ៍និងខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយនិរន្តរភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងស្មារតីប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់។សម្ដេចក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យមាននិរន្តរភាព ប្រសិទ្ធភាព ព្រមទាំងត្រូវត្រួតពិនិត្យ មន្ត្រីរាជការកងកម្លាំងនិស្សិតសិស្ស និយោជក និយោជិក ក្រោមឱវាទ អំពីការអនុវត្តច្បាប់ និងសីលធម៌។ សម្ដេចក៏បានជំរុញថែមទៀត នូវការធ្វើវិស្វកម្មផ្លូវថ្នល់ឲ្យបានសមស្របទៅនឹងកំណើនយានយន្ត និងធានានិយាមសុវត្ថិភាព ក៏ដូចជាជំរុញឲ្យបានជោគជ័យនូវការដឹកជញ្ជូនអ្នកដំណើរដោយមធ្យោបាយសាធារណៈ រថយន្តក្រុងនិងជំរុញលើកទឹកចិត្តការដឹកជញ្ជូនតាមបណ្ដាញផ្លូវដែកនិងផ្លូវទឹក ដើម្បីរំលែកបន្ទុកនៃការដឹកជញ្ជូនតាមផ្លូវគោក ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរនិងអ្នកបើកបរទោចក្រយានយន្តទាំងអស់
ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នានិងអ្នកបើកបរដឹកជញ្ជួនអ្នកដំណើរនិងដឹកជញ្ជួនទំនិញទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារួមគ្នាកាត់បន្ថយនៅគ្រោះថ្នាក់ចរាចរណ៍នេះឲ្យនៅសល់កម្រិតទាបបំផុត។

សូមជម្រាបថា មនុស្សយ៉ាងតិចចំនួន១.៧៦១នាក់បានស្លាប់ និង៤.៧៧០នាក់ ផ្សេងទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរនៅកម្ពុជា ឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។


របាយការណ៍ដដែលបញ្ជាក់ថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរកើតឡើង៣.២៦៧ករណី ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកចំនួនអ្នកស្លាប់ បានធ្លាក់ចុះ១ភាគរយ ខណៈចំនួនអ្នករងរបួសបានធ្លាក់ចុះ១៤ភាគរយ។ តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕
(អត្ថបទ៖ឃឹម វិសាល)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation