រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថា មន្រ្តីកាំកុងត្រូល នឹងឈរជើងនៅជួរទី២ តាមបណ្តាខេត្តនានា​
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា មន្រ្តីកាំកុងត្រូល នឹងឈរជើងនៅជួរទី២ នៅតាមបណ្តាខេត្តនានា ដើម្បីជួយសម្រួលដល់ការងារគយ និងរដ្ឋាករ នៅពេលមានតម្រូវការ។

ការបញ្ជាក់របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័ត Mobile Lab របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិ និត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ដោយប្តេជ្ញាអនុវត្តតាមការណែនាំរបស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបញ្ជាឲ្យមានការកែសម្រួលតួនាទីមន្រ្តីកាំកុងត្រូលតាមច្រកព្រំដែននានា។

គួររំលឹកថា កាលពីសប្តាហ៍មុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យដកស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនចេញពីបណ្តាច្រកទ្វារព្រំដែន ដោយទុកតែមន្ត្រីជំនាញស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍ ដែលធ្វើឲ្យមានការសាទរពីមជ្ឈដ្ឋានទូទៅ ជាច្រើន រួមទាំងអ្នករកស៊ី និងអ្នកសេដ្ឋកិច្ចផងដែរ។
សម្តេចតេជោ បានថ្លែងថា ការសម្រេចឲ្យដកស្ថាប័ន្ធពាក់ព័ន្ធមួយចំនួនដែលប្រចាំការនៅតាមច្រកទ្វារព្រំដែន ដូចជា មន្ត្រីជំនាញស្ថាប័នកាំកុងត្រូល គឺជាទិសដៅកំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឲ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា កាន់តែងាយស្រួល ក្នុងគោលបំណង បង្កើនការទាក់ទាញវិនិយោគិនឲ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជាហើយវាក៏ជាផ្នែកមួយដ៏សំខានដែលធ្វើឲ្យកម្ពុជាឈានទៅរកឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។

ក្រោយប្រកាសដកមន្រ្តីកាំកុងត្រូលពីតាមច្រកព្រំដែននេះ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានប្រាប់ពលរដ្ឋ កុំឲ្យបារម្ភពីសុវត្ថិភាព និងគុណភាពទំនិញ។
ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មន្ត្រីជំនាញគយ នឹងត្រូវទទួលបន្ទុកទៅលើកិច្ចការត្រួតពិនិត្យទំនិញចេញចូល ដែលរួមទាំងការត្រួតពិនិត្យគុណភាពនេះ ផងដែរ៕
(អត្ថបទ៖ គន្ធ តារាវិឆ័យ ​)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation