​ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញ នូវវិធានការការពារទីផ្សារមកលើអង្ករនាំចេញពីកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្មសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប ស្តីពីវិធានការការពារទីផ្សារដោយសហភាពអឺរ៉ុប មកលើអង្ករ (Indica Rice) នាំចេញពីកម្ពុជា។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប ស្តីពីវិធានការការពារទីផ្សារដោយ សហភាពអឺរ៉ុប មកលើអង្ករ (Indica Rice) នាំចេញពីកម្ពុជាក្រសួងពាណិជ្ជកម្ម បានពិនិត្យបទប្បញ្ញត្តិអនុវត្តលេខ(EU) ២០១៩/៦៧ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ របស់គណៈកម្មការអឺរ៉ុប និងចុះផ្សាយជាផ្លូវការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ អំពីការដាក់វិធាន ការការពារទីផ្សារមកលើអង្ករ(Indica Rice) ដែលមានប្រភពដើមនៅកម្ពុជា និងមីយ៉ាន់ម៉ា។

ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា សម្តែងនូវការសោកស្តាយចំពោះសេចក្តីសម្រេចនេះ ដែលមិនបានឆ្លុះបញ្ចាំងទាំងស្រុង លើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ព្រមទាំងកិច្ចសហប្រតិបត្តិការកន្លងមកដ៏ល្អ រវាងរដ្ឋាភិបាល និងវិស័យឯកជន របស់កម្ពុជា និងសហគមន៍អឺរ៉ុប។

ក្រសួងពាណិជ្ជកម្មកម្ពុជា បន្តថា ក្នុងរយៈកាលជិត១៥ ឆ្នាំកន្លងមក ក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការធ្វើពាណិជ្ជកម្មសរុប រវាងកម្ពុជា-អឺរ៉ុបមានសន្ទុះតែចម្រើន គួរជាទីមោទនៈ គឺកើនឡើងពីប្រមាណ ៩៤២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៥ ទៅដល់ជាង៨,៤៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនគិតជាមធ្យមធម្មតាប្រចាំឆ្នាំ (Annual-Sariple Average Growth Rate) ប្រមាណ៦០%។ ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សា និងដោះស្រាយបញ្ហាទ្វេភាគី បានយ៉ាងល្អប្រសើរ តាមរយៈយន្តការនៃគណៈកម្មាធិការចម្រុះកម្ពុជា អឺរ៉ុប ដែលបានប្រារព្ធធ្វើពីថ្ងៃទី១២-១៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អនេះ បានជួយដល់ពាណិជ្ជករ និងវិនិយោគិននៃសហគមន៍អឺរ៉ុប ឲ្យកាន់តែមានជំនឿទុកចិត្តក្នុងការចូលមកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា ហើយពាណិជ្ជករ ជាពិសេស កសិករក្រីក្ររបស់កម្ពុជារាប់សែននាក់ដែលបានទទួលចំណូលពីការនាំចេញអង្ករទៅកាន់ សហគមន៍អឺរ៉ុប បានអបអរសាទរ និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បន្តកិច្ចសហប្រតិបត្តិការ ល្អជាមួយសហភាពអឺរ៉ុប។
ក្រសួងពាណិជ្ជកម្ម សង្កត់ធ្ងន់ថា ការសម្រេចដាក់វិធានការការពារទីផ្សារដោយសហភាពអឺរ៉ុប មកលើអង្គរ (Indica Rice) ដែលមានប្រភពដើមមកពីកម្ពុជាមានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា និងជាអាវុធ សម្រាប់ធ្វើឃាតពួកគាត់ និងក្រុមគ្រួសារ ដែលកំពុងជាប់បំណុល ជាមួយនឹងស្ថាប័នឥណទាន ដែលបានផ្តល់ប្រាក់កម្ចី ដល់ពួកគាត់។ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្ម អន្តរជាតិដើម្បីបន្តធ្វើការតវ៉ាជាមួយនឹងសេចក្តីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្តីសម្រេចដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច។

ជាមួយនឹងការប្រតិកម្មតបបែបនេះ ក្រសួងពាណិជ្ជកម្មសូមចូលរួមជាមួយប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ អំពាវនាវឲ្យ គណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិ ការល្អជាប្រពៃណី រវាងកម្ពុជា និងសហភាពអឺរ៉ុប៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation