សាលារៀនជាសរសៃឈាមនៃវិស័យអប់រំដែលជាថ្នាលបណ្ដុះចំណេះដឹង បានកើនឡើង៩០ភាគរយក្នុងខេត្តក្រចេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ ៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានបើកសន្និបាតបូកសរុបការងាររបស់ខ្លូនប្រចាំឆ្នាំ២០១៨ និងលើកទីសដៅបន្តឆ្នាំ២០១៩ ដែលពិធីធ្វើឡើងក្នុងសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី ១៧ មករា ២០១៩ ដោយមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងការចូលរួមពីលោកគ្រូអ្នកគ្រូ និងមន្ទីរអង្គភាពពាក់ព័ន្ធប្រមាណជាង ៤០០នាក់ ។

លោកឡាយ បូរ៉ាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ វិស័យអប់រំក្នុងខេត្តក្រចេះ មានការរីកចម្រើនទាំងបរិមាណ និងគុណភាពគួរឲ្យមានមោទនភាពជាខ្លាំង អាស្រ័យដោយមានការគាំទ្រពីអាជ្ញាធរ និងការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិ សប្បុរសជន និងអង្គការដៃគូ អភិវឌ្ឍន៍នានា ក្រោមនយោបាយចែករំលែករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ដ៏ឆ្នើម ។ ហើយក្នុងឆ្នាំ ២០១៨-២០១៩នេះ យើងមានសាលាមត្តេយ្យរដ្ឋ ៩០ សាលា មត្តេយ្យឯកជន ០៤ មត្តេយ្យសហគមន៍ ១០៥ ថ្នាក់ អប់រំតាមផ្ទះ ១៩១ ភូមិ សាលាបឋម ២៧៤ ថ្នាក់ អនុវិទ្យាល័យ ៤៣ ថ្នាក់ វិទ្យាល័យ ១១ ថ្នាក់ និងគរុកោសល្យ ០១ កន្លែង ។

មានប្រសាសន៍បន្ថែមក្នុងពីធី ឯកឧត្តមអភិបាលខេត្ត លើកឡើងថា លទ្ធផលដែលសម្រេចបានទាំងនេះ គឺឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន ទាំងការកែលម្អសេវាសាធារណៈ ជូនប្រជាជនឲ្យមានភាពកាន់តែប្រសើឡើង ។ បច្ចុប្បន្ន យើងបានធ្វើឲ្យមានការប្រែប្រួលរីកចម្រើនថ្មីៗជាច្រើន ក្នុងវិស័យអប់រំ ដែលយើងអាចឃើញតាមរយៈការកសាង និងការអភិវឌ្ឍសាលារៀននៅគ្រប់ភូមិសិក្សា។

ជាក់ស្តែងក្នុងឆ្នាំ ២០១៧-២០១៨ កន្លងទៅនេះ ចំនួនសាលារៀន និងចំនួនសិស្ស គឺពិតជាបានកើនឡើងដល់កម្រិតមួយ គួរឲ្យមានមោទនភាពណាស់ ។ ក្រៅពីនេះ សម្តេចតេជោហ៊ុនសែន ក៏តែងតែរំលឹកជា រឿយៗផងដែរថា  រាជរដ្ឋាភិបាល បាននឹងកំពុងតែព្យាយាមធ្វើឲ្យទីតាំងសាលារៀន បានទៅខិតជិតកន្លែងរស់នៅរបស់ប្រជាជនគ្រប់ច្រកល្ហកពាសពេញផ្ទៃប្រទេស ពោលគឺ ភូមិ១មានសាលាបឋមយ៉ាងតិច១, ឃុំ១មានអនុវិទ្យាល័យ១, ស្រុក១ មានវិទ្យាល័យ១ និងខេត្ត១ មានសកលវិទ្យាល័យ១ សំដៅធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់ ដែលរស់នៅតាមទីជនបទ ទីប្រជុំជន និងទីក្រុងបានចូលរៀនគ្រប់ៗគ្នា និងលើកទឹកចិត្តឲ្យមានសមភាពយេនឌ័រក្នុងការសិក្សា។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៅតែបន្តប្រឹងប្រែងសម្រេចទិសដៅ “ អប់រំសម្រាប់ឆ្នាំ ២០៣០ ” តាមរយៈការធានាសមធម៌ក្នុងការអប់រំមូលដ្ឋានរយៈពេល ៩ ឆ្នាំ សម្រាប់កុមារគ្រប់រូប និងបង្កលក្ខណៈសម្បត្តិអនុគ្រោះនានា ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋក្រីក្រ មានលទ្ធភាពចូលសិក្សា ជាពិសេសគឺការពង្រឹង និងពង្រីកគ្រឹះស្ថានសិក្សាសាធារណៈ និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិសិ្សតក្រិក្ររៀនពូកែ ៕​ ដោយ​ ៖ នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation