សម្រង់ប្រសាសន៍សំខាន់ៗ សម្តេចក្រឡាហោមក្នុងវេទិកាភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលលើកទី២
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធបតីក្នុងវេទិកាស្ដីពីភាព ជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី២) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងមហាផ្ទៃ ។ ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមហាផ្ទៃ វេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គម ស៊ីវិលលើកទី២ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល។


សម្រង់ប្រសាសន៍សំខាន់ៗ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញបើកវេទិកា ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល លើកទី២ នៅព្រឹកថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៩ នៅក្រសួងមហាផ្ទៃ៖

-ការប្រើពាក្យថា រាជរដ្ឋាភិបាលអត់មានឆន្ទៈនិងភាពស្មោះត្រង់នោះ ដូចជាធ្ងន់ពេកហើយ យើង(រាជរដ្ឋាភិបាល-សង្គមស៊ីវិល) ត្រូវទាក់ទងក្នុងភាពជាដៃគូដោយស្មោះត្រង់និងឥតលាក់លៀម។

-សង្គមស៊ីវិលខ្លះប្រើពាក្យរបបក្រុងភ្នំពេញ ពាក្យត្រឹមត្រូវគឺរាជរដ្ឋាភិបាលកម្ពុជា ព្រោះកើតចេញពីការបោះឆ្នោត មានពលរដ្ឋចូលរួមជាង៨៣% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

-យើងមានព្រះមហាក្សត្រ ដូច្នេះយើងជារាជរដ្ឋាភិបាល នៃព្រះរាជណាចក្រកម្ពុជា មិនមែនរបបក្រុងភ្នំពេញទេ។

-សូមសង្គមស៊ីវិលខ្លះ កុំលាបពណ៌រាជរដ្ឋាភិបាល ដែលកើតចេញដោយស្របច្បាប់ពីការបោះឆ្នោត លាបពណ៌ពី ត្រឹមត្រូវតាមច្បាប់ ទៅជាខុសច្បាប់ ធ្វើដូច្នេះមិនល្អទេ។

-យើងមិនប្រើពាក្យសង្គមស៊ីវិលក្នុងបញ្ជីខ្មៅទេ យើងប្រើពាក្យសង្គមស៊ីវិលមិនត្រឹមត្រូវតាមច្បាប់។

-នៅប្រទេសខ្លះសង្គមស៊ីវិល ដែលទទួលលុយពីបរទេស គេចាត់ទុកថាជាសង្គមស៊ីវិលបរទេស តែកម្ពុជា មិនអ៊ីចឹងទេ។

- ពាក្យបញ្ជីខ្មៅប្រើលើបុគ្គលណាដែលរាជរដ្ឋាភិបាលមិនអនុញ្ញាតិឱ្យចូលកម្ពុជា ព្រោះជាឧក្រិដ្ឋជន មកបំផ្លាញជាតិយើង។

-សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលកិច្ចការដល់សង្គមស៊ីវិល ត្រឹមត្រូវតាមច្បាប់ដែលធ្វើសកម្មភាព ដោយសេរីនិងមិនលម្អៀង។

-ច្បាប់ស្តីពីគណបក្សនយោបាយនិងសង្គមស៊ីវិល នៅកម្ពុជាត្រូវបានបង្កើតឡើង ដោយសិក្សាយ៉ាងស៊ីជម្រៅ ល្អិតល្អន់ពីច្បាប់នៃប្រទេសជាង២០លើពិភពលោក មានទាំងអាម៉េរិកផង។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គ មស៊ីវិល លើកទី១ ដែលមានការចូលរួមពីបណ្តាថា្នក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាសមាគម សង្គមស៊ីវិល ប្រមាណជិត៤០០នាក់។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថា្នក់ក្រោមជាតិសហការរួមគ្នាជាមួយអង្គការសង្គមស៊ីវិល ដោយផ្អែកលើការពិត ត្រឹមត្រូវដោយមិនលំអៀង ក្នុងឆន្ទៈរួមគ្នាធ្វើ ប្រទេសកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកសាជាថ្មី ចំពោះ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ដែលមិនបានចុះបញ្ជីនិងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ ត្រូវបំពេញអោយបានត្រឹមត្រូវវិញស្របតាម ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

សូមជម្រាបថា ការរៀបចំអោយមានវេទិកានេះឡើងក្នុងគោលបំណង ដើម្បីឲ្យភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាឲ្យកាន់តែជិត ស្និទ្ធក្នុងការអភិវឌ្ឍឲ្យសង្គមកម្ពុជាកាន់តែរីកចម្រើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕ អត្ថបទ ៖ ខៀវ កូឡា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation