នគរបាលខេត្តកំពង់ឆ្នាំង អនុវត្តន៍ភូមិឃុំមានសុវត្តិភាព និងច្បាប់អន្តោរប្រវេសន៍
| ព័ត៌មានជាតិ
SHARE

ស្នងការខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា មានប្រសាសន៍ប្រាប់CNCថា ខេត្តកំពង់ឆ្នាំងសព្វថ្ងៃ មានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចំនួន៥៨ ហើយតាមគោលការណ៍ណែនាំ របស់អគ្គស្នងការដ្ឋាននគបាលជាតិ កម្លាំងនគរបាល ត្រូវការកម្លាំងឃុំសង្កាត់៦នាក់ ក្នុងមួយប៉ុស្តិ៍ៗ ដោយមានមធ្យោបាយជាម៉ូតូ និងទូក (ម៉ូតូសម្រាប់ផ្លូវគោល និងទូកសម្រាប់ផ្លូវទឹក) ដែលថ្នាក់លើប្រគល់ឲ្យគ្រប់គ្រាន់ តាមតម្រូវការអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពជូនពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង ប៉ុន្តែនៅពុំទាន់មានកម្លាំងនគរបាលគ្រប់គ្រាន់នៅឡើយទេ។

កម្លាំងនគបាលខេត្តកំពង់ឆ្នាំង ត្រូវការបន្ថែម១៤០នាក់ទៀត សម្រាប់បម្រើកិច្ចការពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាពិសេសបម្រើ គោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកស្នងការខេត្តកំពង់ឆ្នាំង បញ្ជាក់ទៀតថា ខេត្តមួយនេះ មានមោទនភាពក្នុងការបម្រើសន្តិសុខជូនប្រជាពលរដ្ឋ ដោយហេតុថា បទល្មើសនានាក្នុងខេត្តនេះ បានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ជាអាទិ៍បទល្មើសព្រហ្មទណ្ឌ នៅក្នុង២០១៨ បានថយចុះ១០លើក ស្មើរនឹង៦% ។ការអនុវត្តសាលដីកាធ្វើឡើងកាន់តែបានល្អជាងមុន និងបានគោរពដោយពេញលេញ របស់សិទ្ធិពលរដ្ឋ តាមច្បាប់ជាធរមាន ក្រៅពីនេះ ការចូលរួមរបស់ពលរដ្ឋនៅក្នុងការអនុវត្តភូមិឃុំមានសុវត្ថិភាព មានការភ្ញាក់រលឹកបានច្រើនជាងមុន ដោយហេតុថា ពលរដ្ឋលោកចាប់ផ្តើមយល់ដឹងដោយខ្លួនឯង ថាការលេងល្បែងស៊ីសងបងតូចបងធំ និងអំពើអបាយមុខផ្សេងៗទៀត គឺគាត់ជាអ្នកទទួលរងផលវិបាក និងខាតបង់ដោយខ្លួនគាត់តែម្តង ពុំមែនប៉ូលិសទេ។

ចំពោះ ការបង្រ្កាបបទល្មើសល្បែងស៊ីសងកម្លាំងនគរបាល បានធ្វើដោយ ការអប់រំ កិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព រឹបអូសសម្ភារលេងល្បែង ដោយលោកឃើញថា ការអប់រំឲ្យបញ្ឈប់លេងល្បែងមានប្រសិទ្ធភាពជាង វិធានការក្តៅ។

ដោយឡែក ចំពោះកិច្ចការអន្តោប្រវេសន៍ លោកបញ្ជាក់ទៀតថា ក្នុងការដ្ឋានខេត្តកំពង់ឆ្នាំង បានអនុវត្តន៍យ៉ាងម៉ឺងមាត់នូវច្បាប់ ស្តីពីអន្តោប្រវេសន៍ និងការណែនាំ របស់នាយឧត្តមសេនីយ សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ដោយក្នុងនោះ ខេត្តត្រូវធ្វើកិច្ចការរាយការណ៍ជូន អភិបាលខេត្តជាប្រចាំ ហើយអភិបាលខេត្ត និងក្រសួង ធ្វើការជាមួយនឹងស្ថានទូតរបស់សាមីជន។

ជាលទ្ធផល នគបាលខេត្តកំពង់ឆ្នាំងដែលសហការ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីឆ្នាំ២០១៨កន្លងមក បានត្រួតពិនិត្យ បានដកហូតឯកសារសរុប១៨៩១គ្រួសារ មកដាក់ពាក្យ សុំប្រកាសទទួលស្គាល់៦៣៩គ្រួសារ។ ខេត្តកំពង់ឆ្នាំង បានពិនិត្យ សុំនុំឯកសារ របស់អន្តោប្រវេសន៍ ដោយស្មារតីទទួលខុសត្រូវ ក្នុងនោះអន្តោប្រវេសន៍ ដែលពុំទាន់ត្រឹមត្រូវតាមច្បាប់ កាលពីឆ្នាំ២០១៨ បានបង់អាករ សុំប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ ពោលគឺវៀតណាម ចំនួន២.៧៥៤នាក់ ដោយទទួលបានទឹកប្រាក់ ជាង៦៨៨លានរៀល និងបានបញ្ជូនថវិកាទាំងនោះ ទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។

សូមបញ្ជាក់ថា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលដាក់ចេញ ដោយសម្តេចក្រឡាហោម សខេង មានចំនួន៥រួមមាន
១ ត្រូវគ្មានគ្រឿងញៀន
២ គ្មានអំពើហិង្សា
៣ គ្មានល្បែងស៊ីសង
៤ គ្មានបងតូចបងធំ
៥ និងគ្មានអំពើពេស្យាចារ
រីឯច្បាប់អន្តោប្រវេសន៍ បានកំណត់ច្បាស់ថា មានតែព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី ដែលព្រះអង្គប្រគល់ភារកិច្ច ខណៈដែលព្រះអង្គព្រះរាជអវត្តមាន ដែលមានព្រះរាជសិទ្ធិ និងសិទ្ធិ ឡាយព្រះហស្ដលេខា និងចុះហត្ថលេខា លើសេចក្តីបញ្ជាក់ទទួលស្គាល់ជនបរទេស ជនអន្តោប្រវេសន៍ ទទួលបានសញ្ជាតិកម្ពុជា៕(អត្ថបទ៖ ខៀវ កូឡា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation