ព្រឹកនេះ សម្ដេចក្រឡាហោម ដឹកនាំវេទិកាភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលលើកទី២
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធបតី ក្នុងវេទិកាស្ដីពីភាព ជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី២) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ ក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានស្នើដល់សាធារណជន សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការ មិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការ ទំនាក់ទំនងចុះឈ្មោះ ជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) យ៉ាងយូរត្រឹមម៉ោង១៧: ៣០ល្ងាច ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ជាកំណត់។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គ មស៊ីវិល លើកទី១ ដែលមានការចូលរួមពីបណ្តាថា្នក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាសមាគម សង្គមស៊ីវិល ប្រមាណជិត៤០០នាក់។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថា្នក់ក្រោមជាតិសហការរួមគ្នាជាមួយអង្គការសង្គមស៊ីវិល ដោយផ្អែកលើការពិត ត្រឹមត្រូវដោយមិនលំអៀង ក្នុងឆន្ទៈរួមគ្នាធ្វើ ប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកសាជាថ្មី ចំពោះ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ដែលមិនបានចុះបញ្ជីនិងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ ត្រូវបំពេញឲ្យបានត្រឹមត្រូវវិញស្របតាម ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សូមជម្រាបថា ការរៀបចំឲ្យមានវេទិកានេះឡើងក្នុងគោលបំណង ដើម្បីអោយភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាឲ្យកាន់តែជិត ស្និទ្ធក្នុងការអភិវឌ្ឍ ឲ្យសង្គមកម្ពុជាកាន់តែរីកចម្រើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕(អត្ថបទ៖អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation