អាជ្ញាធរស្រុកសំរោងទងនឹងចាត់វិធានការលើ អាជីវកម្មលោកផ្កាយបីបន្ទាប់ពីទទួលដំណឹងថា ផ្លូវលំក្នុងភូមិកំពុងខូចខាតខ្លាំង
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ ផ្លូវលំដែលកំពុងរងការខូចខាតធ្ងន់ធ្ងរខាងលើស្ថិតនៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកពង់ស្ពឺ ដោយសារតែសកម្មភាពក្រុមរថយន្តខ្នាតធំយីឌុបដឹកអាចម៍ដីចេញពីរណ្ដៅដីល្មើសបទដ្ឋានបច្ចេកទេសរបស់លោកអាត ជាឈ្មួញរកស៊ីជីកអាចម៍ដីលក់។

សេចក្ដីរាយការណ៍មកថា ជាច្រើនខែមកនេះឈ្មួញរកស៊ីជីកដីលក់ឈ្មោះអាត ជាមន្រ្តីយោធាពាក់ផ្កាយបីផងនោះ បានបើកអាជីវកម្មដោយអនុញ្ញាតឲ្យរថយន្តខ្នាតធំយីឌុបដឹកដីកាត់ផ្លូវលំក្នុងភូមិធ្វើឲ្យផ្លូវប្រវែង៥គីឡូម៉ែត្រដែលធ្លាប់រាបស្មើ ប្រែជាបែកវុលចេញជារុន្ធបាយខុំ ពិបាកធ្វើដំណើរ នឹងបង្កជាធូលីហុយរំខានដល់ការធ្វើដំណើរនឹងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ នឹងធ្លាក់អាចម៍ដីលើកំណាត់ផ្លូវជាតិលេខ៥១ដែលក្រុមរថយន្តទាំងនោះដឹកឆ្លងកាត់ទៅចាក់បំពេញដីតាមគម្រោងរបស់ខ្លួននៅតំបន់នោះ។

សេចក្ដីរាយការណ៍ពីអ្នកភូមិបន្តថា សកម្មភាពនេះកើតឡើងដោយសារតែប្រើប្រាស់រថយន្តខ្នាតធំហូសមាឌផ្លូវលំដែលតូច នឹងមិនបានគោរពបទដ្ឋានបច្ចេកទេស ដឹកលើសទម្ងន់ លើសទ្រង់ធ្វើឲ្យអាចម៍ដីធ្លាក់លើផ្លូវ ទោះជាមានការស្រោចទឹកក៏នៅតែបង្កបញ្ហាព្រោះតែធ្វើអោយរួចតែពីដៃយកប្រាក់ចំណេញតែបុគ្គលមួយក្រុមប៉ុណ្ណោះ មិនបានអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគាត់ឲ្យបានប្រសើរនោះទេ។

ទាក់ទងនឹងការលើកឡើងនេះដែរ លោក អាត ម្ចាស់អាជីវកម្មបានឲ្យដឹងយ៉ាងខ្លីថា ឲ្យអ្នកសារព័ត៌មានទៅសួរនាំខាងក្រសួងរ៉ែទៅ ព្រោះក្រុមក្រសួងលោកស្គាល់ទាំងអស់ ច្បាប់លោកដល់ក្រសួង។

ចំណែកលោក ប៉ិន ថេត ប្រធានការិយាល័យរ៉ែខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ឈ្មោះអាតខាងលើបានច្បាប់អនុញ្ញាតពីមន្ទីររ៉ែទំហំមួយហិកតា នឹងធ្វើកិច្ចសន្យាជាមួយជំនាញលើបទដ្ឋានបច្ចេកទេស ដោយគិតចម្ងាយពីរណ្ដៅដីទៅភូមិ គិតពីជម្រៅ ការទុកជើងទេ និងសង់ជារបងជុំវិញរណ្ដៅដៅ ទៅតាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ តែលោកមិនបញ្ជាក់លំអិតថាកំណត់ជម្រៅប៉ុន្មានម៉ែត្រ កំណត់ការទុកជើងទេពីព្រំដីអ្នកភូមិ កំណត់ការដឹកជញ្ជូន នឹងការសង់របងនោះទេ (គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែង)។

ចំណែក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានឲ្យដឹងថា លោកនឹងចាត់ក្រុមការងារស្រុកចុះពិនិត្យដោះស្រាយ ព្រោះករណីនេះស្រុកមិនបានទទួលព័ត៌មានពីមុនមកទេ។

ទោះជាយ៉ាងនេះក្ដីក្រុមអ្នកភូមិ សុំឲ្យអាជ្ញាធរនឹងខាងមន្ត្រីជំនាញចុះពិនិត្យជាក់ស្ដែង នឹងឲ្យម្ចាស់អាជីវកម្មអនុវត្តន៍បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតឲ្យធ្វើសកម្មភាព ដើម្បីរក្សាបាននូវសុខសុវត្ថិភាព សុខភាព នឹងបរិស្ថានក្នុងមូលដ្ឋានរបស់ពួកគាត់ឲ្យប្រសើរដូចដើមវិញ។

សូមរំលឹកផងដែរថា បទដ្ឋានបច្ចេកទេសក្រសួងជំនាញបានកំណត់ថា ការជីករណ្តៅដីលើសពីមួយហិកតាត្រូវសុំច្បាប់អនុញ្ញាតពីក្រសួងជំនាញ មានក្រសួងរ៉ែនិងថាមពល ក្រសួងបរិស្ថាន បើត្រឹមមួយហិកតាសុំត្រឹមខេត្ត ហើយបើមានគម្រោងធ្វើបន្តសុំច្បាប់ខេត្តបន្តត្រូវតែរក្សាព្រំដីមិនរំលាយចូលគ្នាទេ ត្រូវធ្វើឲ្យឆ្ងាយពីភូមិប្រជាពលរដ្ឋមិនតិតជាង៥០០ម៉ែត្រ ឆ្ងាយពីដីអាស្រ័យផលអ្នកភូមិយ៉ាងតិច១៥ម៉ែត្រតាមស្ថានភាពដី ។ហើយជម្រៅបើក្រសួងអនុញ្ញាតមិនលើសពី១៥ម៉ែត្រទៅតាមស្ថានភាពដី តែបើខាងខេត្តត្រឹមតែ១០ម៉ែត្រទៅតាមស្ថានភាពដី ត្រូវធ្វើជើងទេក្នុងរណ្តៅដី និងធ្វើរបងការពារគ្រោះថ្នាក់បើរណ្តៅជ្រៅ ការដឹកជញ្ជូនដីឬខ្សាច់ត្រូវតែស្ងួតមិនលើសទ្រុង មិនលើសទម្ងន់ គ្របឲ្យជិត ជាដើម៕ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation