ព័ត៌មានជាតិ

តំណាងរាស្ត្រមណ្ឌលសៀមរាប បើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ៣គីឡូម៉ែត្រ  ស្រុកក្រឡាញ់សម្រួលការធ្វើដំណើរប្រជាពលរដ្ឋ

image


អត្ថបទ៖ ជា ស្រស់
សៀមរាប៖ ផ្លូវលំមួយខ្សែ ដែលមានប្រវែងជាង ៣កីឡូម៉ែត្រ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលកែលំអឡើងវិញជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ មានប្រវែងសរុប ៣,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្លងកាត់ភូមិចំនួន៣ ក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាដែលបានមកពីក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំស្រណាល រួមនឹងសប្បុរសជននានាតាមរយៈក្រុមការងារ នឹងអនុវត្តការជួសជុលដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន។ លោកថាថវិកាដែលបានផ្ដល់សម្រាប់ការស្ថាបនាផ្លូវមួយខ្សែនេះ គឺជាការគិតគូរដល់ជីវភាព និងទុក្ខលំបាក់របស់ប្រជាជនរស់នៅក្នុងឃុំស្រណាលទាំងមូល ដែលវាបានផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវផលិតផលកសិកម្ម ព្រមទាំងជាផ្លូវដែលមានសារៈសំខាន់ ក្នុងការផ្សាភ្ជាប់រវាងពីមូលដ្ឋានមួយ ទៅមូលដ្ឋានមួយទៀត និងពីតំបន់មួយ ទៅតំបន់មួយទៀត។

អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា បានធ្វើឱ្យបណ្តាប្រទេសជាច្រើននៅលើសកលលោក បន្ពពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា។ ចំពោះផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ សម្រាប់ប្រជាពលរដ្ឋក្នុងឃុំស្រណាល ជាពិសេសស្រុកក្រឡាញ់ទាំងមូល។

ជាមួយគ្នានោះ អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនឹងទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍ និងការរីកចម្រើនលរុងរឿងលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម៕