គ.ជ.ប ចាត់វិធានការ លើអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ០៣នាក់ បន្ទាប់ពីគេចវេសមិនបង់ប្រាក់ពិន័យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាត់វិធានការច្បាប់ទៅលើអតីតមន្ត្រីនៃអតីត គណបក្ស សង្គ្រោះជាតិ ចំនួន០៣នាក់ នៅខេត្តបាត់ដំបង ដែលបានគេចវេសបង់ប្រាក់ពិន័យពី៥លានរៀល ទៅ១០លានរៀល ពាក់ព័ន្ធនឹងការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត និងធ្វើឲ្យមានការភ័ន្តច្រឡំ នាំឲ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត។ នេះបើតាមការឱ្យដឹងពីលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប។

បុគ្គលទាំង០៣នាក់ រួមមានៈ ១. លោក ជា ជីវ មានទីលំនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយពិន័យជាប្រាក់ ១០លានរៀល។ ២. លោក ថោង សារឿន មានទីលំនៅភូមិ-ឃុំ គាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយពិន័យជាប្រាក់ ៥លានរៀល និង៣. លោក គ្រុយ គឹមសាំង មានទីលំនៅស្រុកកំរៀង ខេត្តបាត់ដំបង ដោយពិន័យជាប្រាក់ ៥លានរៀល។

លោក សោម សូរីដា បានបញ្ជាក់ថា ក្នុងការប្រមូលប្រាក់ពិន័យ គ.ជ.ប ធ្លាប់បានជូនដំណឹងដល់បុគ្គលទាំងបីរូប ឲ្យចូលខ្លួន បង់ប្រាក់ពិន័យដោយស្ម័គ្រចិត្ត ដោយទុករយៈពេលយ៉ាងយូរ៣០ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតបង្គាប់ឲ្យបង់ប្រាក់ពិន័យ ប៉ុន្តែសាមីខ្លួនមិនព្រមបង់ប្រាក់ពិន័យតាមកាលកំណត់នោះទេ។សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គ.ជ.ប បានបើកសវនការ\ជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ហើយបានសម្រេចឲ្យឈ្មោះ ថោង សារឿន និងឈ្មោះ គ្រុយ គឹមសាំង ត្រូវបានពិន័យក្នុងម្នាក់ៗ ៥លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ជា ជីវ ដែលជាមេដឹកនាំ ពិន័យ១០លានរៀល។

បុគ្គលទាំងបីនាក់នេះ មិនសុខចិត្តចំពោះការសម្រេចរបស់ គ.ជ.ប ក៏បានប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ហើយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីសម្រេចបិទផ្លូវតវ៉ា ដោយតម្កល់ការ សម្រេចរបស់ គ.ជ.ប ទុកជាបានការដដែល៕
អត្ថបទ៖ មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation