រុស្ស៊ី បានជួយដល់កម្ពុជា នៅពេលដែលកម្ពុជា ជួបការពិបាកបំផុត
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករានេះ នាទីក្រុងសៀមរាប បានជួបជាមួយប្រតិភូរុស្ស៊ី ដឹកនាំដោយឯកឧត្តម អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនសម្តេចតេជោ ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរ មកកាន់កម្ពុជា ដើម្បីចូលរួម ក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)។

ឯកឧត្តម បានសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ ឯកឧត្តម បានមានប្រសាសន៍ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះ ប្រតិភូរបស់ឯកឧត្តម នឹងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែក ដល់ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនង ជាយូរលង់ណាស់មកហើយ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អ៊ីលីយ៉ាស់ និងប្រតិភូ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF។ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ ហើយជាងនេះទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ ថាទំនាក់ទំនងរវាងកម្ពុជានិងរុស្សី គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់កម្ពុជា នៅពេលដែលកម្ពុជា ជួបការពិបាកបំផុត នៅពេលដែលកម្ពុជា ទើបបានរំដោះចេញពីរបបប៉ុលពត។

ពីនោះទៅទៀត រុស្ស៊ីក៏បានបន្សល់នូវស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ី ក៏បានជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះ បានបម្រើការងារជួយដល់ កម្ពុជា ធ្វើឲ្យកម្ពុជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស។ ពីនោះទៅទៀត សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរុស្ស៊ី ដែលបានជួយលើ វិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូ ឲ្យទទួលបានជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ ទៅប្រទេសរុស្ស៊ីវិញ៕អត្ថបទ ៖ សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation