រកឃើញសារធាតុគីមីហាមឃាត់នៅក្នុងបង្អែម,ភេសជ្ជៈខូចគុណភាព និងស្ថានីយប្រេងឥន្ធនៈលួចបន្លំបរិមាណនិងគុណភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូលទូទាំងប្រទេស បានបន្តប្រតិបត្តិការ ចុះឃ្លាំពិនិត្យ ទីផ្សារត្រួតពិនិត្យតាមបណ្តាស្ថានីយ /ដេប៉ូ ប្រេងឥន្ធនៈ និងចុះប្រចាំការតាមបណ្តាទីផ្សារនានា ដើម្បីស្រាវជ្រាវ និងទប់ស្កាត់ទំនិញខូចគុណភាព និងស្វែងរកភាពមិន ប្រក្រតី នៅក្នុងផលិតផលម្ហូបអាហារ ក្នុងគោលបំណងការពារអ្នកប្រើប្រាស់។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកាំកុងត្រូល សម្រាប់លទ្ធផលនៃប្រតិបត្តិការក្នុងរយៈពេលពេញមួយថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ទទួលបានលទ្ធផលដូចខាងក្រោម៖

១. មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ នៅផ្សារអូរឫស្សី និងផ្សារថ្មីពោធិ៍សាត់ ហើយបានរកឃើញ សារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) នៅក្នុងបង្អែមលត ចំនួន ១១,៥គីឡូក្រាម។

២. មន្រ្តីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី និងសាខាកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ នៅតាមទីផ្សារគោលដៅក្នុងខេត្តរបស់ខ្លួន ហើយបានរកឃើញ ភេសជ្ជៈខូចគុណភាព ចំនួន ៣៦ដប (ទឹកក្រូចម៉ាក IZE ២៤ដប និងតែបៃតង ១២ដប)។

៣. មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងចំនួន ៦ទីតាំង ហើយបានរកឃើញ ស្ថានីយសាវីម៉ិច ត្រពាំងជង ស្ថិតនៅផ្លូវជាតិលេខ៥ ឃុំត្រពាំងជង ស្រុកបាកាន បានលួចបន្លំគុណភាព និងបរិមាណប្រេង។ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ ធ្វើកិច្ចសន្យាកែតម្រូវកំហុសខាងលើ និងបញ្ឈប់សកម្មភាពក្លែងបន្លំនេះទៀត។ ករណីមិនព្រមកែ មន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សម្រាប់ផលិតផលផ្ទុកសារធាតុគីមីហាមឃាត់ និងខូចគុណភាព ដែលបានដកហូតខាងលើ ក៏ត្រូវបានមន្ត្រីជំនាញសាខា កាំកុងត្រូល ធ្វើការដុតកម្ទេចចោលភ្លាមៗតែម្តង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation