សម្តេចតេជោ បានស្នើឲ្យក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ខិតខំប្រឹងប្រែងរួមគ្នា នូវចំណុច៣សំខាន់ៗ
| ព័ត៌មានជាតិ
SHARE

ថ្លែងនៅក្នុងពិធីប្រកាសផ្លូវការក្រុមប្រឹក្សាវប្បធម៌អាស៊ី និងពិធីជប់លៀងពិសាអាហារនារាត្រីថ្ងៃទី១៥ មករា ២០១៩នេះ ធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំឲ្យមានការជួបគ្នារវាងអ្នកនយោបាយ និងថ្នាក់ដឹកនាំអាស៊ីនាពេលនេះពិតជាមានសារៈសំខាន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC)បានស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ។ នេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងកម្ពុជាទាំងមូល។

សម្តេចតេជោ បានបញ្ជាក់ថា ក្រុមប្រឹក្សា ACC ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជាដែលស្ថិតនៅចំចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ីដែលជាភាពសម្បូរដោយវប្បធម៌ចម្រុះដែលប្រជាពលរដ្ឋអាចរស់នៅជាមួយគ្នាបាន ជាពិសេស គឺបានលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។
សម្តេចតេជោបានបន្តថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានអភិរក្សសម្បត្តិវប្បធម៌ ក្រោមសុខសន្តិភាពប្រទេសជាតិកម្ពុជា។
នៅក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ខិតខំប្រឹងប្រែងរួមគ្នា នូវចំ​ណុច៣សំខាន់ៗដូចជា៖

១. ការយោគយល់គ្នាទៅវិញទៅមក
២. ការគោរពគ្នាទៅវិញទៅមក
៣. ការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សូមជម្រាបថា ជាមួយនឹងអ្វីដែលជាមោទនភាពរបស់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រះករុណា ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើព្រះរាជសារដែលមានព្រះរាជខ្លឹមសារ និងព្រះរាជអត្ថន័យថា ខ្ញុំសូមយកឱកាសនេះអបអរសាទរចំពោះអង្គការ ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ចំពោះគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃក្នុងការចាប់ដៃគូជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍មនុស្សជាតិ។ ខ្ញុំជឿជាក់ថា សមិទ្ធផលនៃគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវបានចាប់អារម្មណ៍និងមានភាពល្បីល្បាញពាសពេញទ្វីបអាស៊ី និងខ្ទរខ្ទារដល់បណ្ដាទ្វីបដទៃទៀត។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានប្រទេស២៦ចូលរួម ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានប្រកាសលើកកម្ពស់សសរស្តម្ភចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នា ទៅវិញទៅមក។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា សសរស្តម្ភចំនួន៤ ដែលក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ប្រកាសលើកកម្ពស់នោះ រួមមាន៖

*ទី១៖ វប្បធម៌ និងសន្តិភាព៖ ប្តេជ្ញាលើកកម្ពស់វប្បធម៌សន្តិភាព ស្របតាមពាក្យស្លោករបស់ ACC ថា «ពិភពលោកមួយដែលមានវប្បធម៌ចម្រុះសម្បូរបែបជាមូលដ្ឋាន សម្រាប់ការកោតសរសើរ និងកិច្ចសហប្រតិបត្តិការ»។ វប្បធម៌គឺជាសូចនាករមួយ សម្រាប់អត្តសញ្ញាណជាតិ អធិបតេយ្យភាព និងឯករាជ្យភាព។

*ទី២៖ វប្បធម៌ និងការអភិវឌ្ឍដោយចីរភាព៖ គូសបញ្ជាក់ពីទំនាក់ទំនងរវាងវប្បធម៌ និងការអភិវឌ្ឍដោយចីរភាព តាមរយៈការលើកកម្ពស់ភាពទាក់ទងគ្នា រវាងគុណតម្លៃសង្គម និងវប្បធម៌ និងការធ្វើឲ្យប្រសើរឡើងនូវកុងសង់ស៊ីសអន្តរជាតិ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីកាត់បន្ថយនូវអសមភាពសេដ្ឋកិច្ច និងសង្គម ពង្រឹងសមត្ថភាពមូលដ្ឋាន ដើម្បីកាត់បន្ថយហានិភ័យ នៃបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ការ ផ្សារភ្ជាប់សង្គម និងនិរន្តរភាពសង្គម។

*ទី៣៖ វប្បធម៌ និងការតភ្ជាប់មនុស្សជាតិ៖ អភិវឌ្ឍបន្ថែមទៀត នូវផែនការសកម្មភាពជាក់លាក់ ដើម្បីលើកកម្ពស់ការតភ្ជាប់មនុស្សជាតិ គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម និងដើម្បីលុបបំបាត់ រាល់ទម្រង់នៃភាពជ្រុលនិយម តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនា និងការពិគ្រោះយោបល់ ដែលមានលក្ខណៈបើកទូលាយ និងប្រកបដោយបរិយាប័ន្ន។

*ទី៤៖ វប្បធម៌ និងនវានុវត្តភាព៖ គូសបញ្ជាក់នូវសារៈសំខាន់ នៃការលើកកម្ពស់វប្បធម៌ ជាមូលដ្ឋាននៃនវានុវត្តភាព ដែលប្រមូលផ្តុំលើមនុស្ស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់គុណតម្លៃមនុស្ស និងការផ្សារភ្ជាប់មនុស្សជាតិ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់ របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅខេត្តសៀមរាប នៅក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។

ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប៕ (អត្ថបទ ៖ ហ៊ន សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation