អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យមានជើងហោះហើរត្រង់ កម្ពុជា-កាណាដា ស្របគ្នានឹងគម្រោងបង្កើតតំណាងការិយាល័យ សភាពាណិជ្ជកម្មកម្ពុជានៅទីនោះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូធុរកិច្ចមកពីប្រទេសកាណាដា ដឹកនាំដោយឯកឧត្តម ម៉ៃឃើ ចាន់ អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ ក្នុងន័យជួបសំដែងការគួរសមនិងពិភាក្សារធុរកិច្ច។


បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា ជំនួបពាណិជ្ជកម្មនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាផ្លាស់ប្តូរយោបល់គ្នា និងស្វែងយល់ អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៃប្រទេសទាំងពីរ ក៏ដូចជាឱកាសសម្រាប់គណៈប្រតិភូធុរកិច្ចទាំងពីរប្រទេស បង្កើត ទំនាក់ទំនងធុរកិច្ចល្អ និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា ក្នុងវិស័យអាទិភាពរៀងៗខ្លួន។

សូមជម្រាបថា គណៈប្រតិភូធុរកិច្ចកាណាដាខាងលើ មានចំនួនសរុប ១៦ នាក់ មកពីចម្រុះវិស័យ ដូចជា ការអប់រំ បច្ចេកវិទ្យា អចលនទ្រព្យ ។ល។ ហើយក្នុងចំណោមគណៈប្រតិភូធុរកិច្ចកាណាដា ក៏មានអ្នកវិនិយោគជាជនជាតិខ្មែរដែរ ដែលរស់នៅ កាណាដា ហើយគាត់បានចេញចូល ប្រទេសកម្ពុជាច្រើនលើកច្រើនសា និងបានឃើញពីសក្តានុពល និងការរីកចម្រើនខ្ពស់ របស់កម្ពុជា ហើយតែងតែបាននាំ អ្នកវិនិយោគ ពីកាណាដា មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបពាណិជ្ជកម្មនោះ គណៈប្រតិភូធុរកិច្ចកាណាដា ក៏បានស្នើសុំដល់ សភាពាណិជ្ជកម្មកម្ពុជា ឲ្យបង្កើតតំណាង ការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ជាពិសេសនៅប្រទេសកាណាដា ពីព្រោះថាកាណាដាក៏មានប្រជាជនខ្មែរ រស់នៅទីនោះច្រើនដែរ រហូតដល់ប្រមាណជាង១០ម៉ឺនាក់ ដែលចំណុចនេះ និងផ្តល់ភាពងាយ ស្រួលក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។

ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យ និងបរិយាកាសសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនផលិតផលក្នុងស្រុកសរុប ៧.៦% រួមទាំងការអនុវត្តគោលនយោបាយដ៏ត្រឹម ត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ អ្នកឧកញ៉ា មានប្រសាសន៍ថា កម្ពុជា ទើបតែប្រារព្ធទិវាឈ្នះឈ្នះ ដែលបង្ហាញថាប្រទេសកម្ពុជាទើបតែបញ្ចប់សង្រ្គាម ត្រឹមតែរយៈពេល ២០ឆ្នាំ ប៉ុណ្ណោះ តែមានការរីកចម្រើនខ្លាំងនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ី។ ក្នុងជំនួបពិភាក្សានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានមានប្រសាសន៍ ស្វាគមន៍ចំពោះការលើកឡើងស្តីពីការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេសនេះ ហើយសភាពាណិជ្ជកម្ម និងស្នើទៅក្រសួងពាណិជ្ជកម្ម ដើម្បីរៀបចំទៅតាមនីតិវិធី និងសុំគោលការណ៍ឯកភាព ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតនេះ។

ជាមួយគ្នានេះអ្នកឧកញ៉ា គិតម៉េង ក៏បានស្នើសូម ២ចំណុចដល់គណៈប្រតិភូធុរកិច្ចកាណាដា ដោយស្នើដល់ភាគីកាណាដា ជួយសម្របសម្រួល និងជំរុញឱ្យមានស្ថានទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល និងពន្លឿនការស្នើ សុំទិដ្ឋាការរវាងប្រទេសទាំងពីរ និងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និង កាណាដា ដែលទាំងនេះជាកត្តា សំខាន់មួយក្នុងការជំរុញសកម្មភាព និងទំនាក់ទំនងរវាងកម្ពុជា-កាណាដា ក្នុងវិស័យនានា ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ការវិនិយោគផ្ទាល់ពីបរទេស ។ល។

ជាការឆ្លើយតប ឯកឧត្ដម ម៉ៃឃើ ចាន់ បានវាយតម្លៃខ្ពស់ចំពោះសំណើរបស់អ្នកឧកញ៉ា និងសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ក្នុងការជួយជំរុញយ៉ាងណាឱ្យសំណើនេះលេចជារូបរាងឡើង ពីព្រោះវានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ ប្រទេសទាំងពីរ៕(អត្ថបទ ៖ អៀវ ឈៀងនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation