ដើមឆ្នាំ២០១៩ កសិករក្នុងឃុំរអាង ស្រុកកំពង់សៀម កំពុងប្រមូលផលសណ្តែកដីក្នុងតម្លៃប្រហាក់ប្រហែលឆ្នាំមុន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្ថិតនៅតាមបណ្តោយផ្លូវទៅកាន់រមណីយដ្ឋានភ្នំហាន់ជ័យ ដែលមានទីតាំងនៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកប្រមូលផលផ្សេងៗក្រោយពីការដាំដុះ ក្នុងនោះដំណាំ សណ្តែដីដែលប្រជាពលរដ្ឋនៅទីនោះបានដាំអស់រយៈពេល៣ខែ គឺពួកគាត់បានចាប់ផ្តើមប្រមូលផលជាបន្តបន្ទាប់ដោយនាំគ្នា ក្រោកពីព្រលឹមស្រាងៗ ដើរសំដៅទីដីចម្ការរបស់ពួកគាត់ដើម្បីធ្វើការដក និងដឹកជញ្ចូន រួចនាំគ្នាចាប់ផ្តើមប្រឡេះ និងដាក់ហាល ហើយរក្សាទុក ទុកលក់ទៅឲ្យឈ្មួញ។

ស្ថិតនៅក្រោមកម្ដៅថ្ងៃ មានខ្យល់បក់តិចៗប្រជាកសិករដែលរស់នៅក្នុងឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបរាប់ថា ក្រោយពេលទឹកទន្លេមេគង្គបានស្រក គឺប្រជាកសិករបានចាប់ផ្តើមក្នុងការ បង្កបង្កើនផលរៀងៗខ្លួន ក្រៅពីការដាំឈូក ល្ង សណ្តែតគួរជាដើម គឺសណ្តែកដីក៏ជាដំណាំមួយប្រភេទដែលប្រជាកសិករនៅទីនេះចូលចិត្តដាំដុះ ពីព្រោះវាងាយស្រួលដាំ ទទួលបានចំណូលគួរសម ប៉ុន្តែមានការពិបាករកពូជដើម្បីធ្វើការដាំដុះ។

បើតាមប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកដីនាពេលនេះបានបញ្ជាក់ថាទិន្នផល និងតម្លៃដែលទទួលបានគឺ ប្រហាក់ ប្រហែលទៅនឹងឆ្នាំកន្លងទៅ ដោយសណ្តែកដីស្រស់តម្លៃ៣ពាន់រៀល និងសណ្តែកដីក្រៀម(ហាលរួច)មានតម្លៃប្រមាណ ៦ពាន់រៀលក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា សណ្តែកដីគឺជាគ្រាប់ធញ្ញជាតិមួយដែលមនុស្សជាច្រើនចូលចិត្តទទួលទាន ព្រោះវាផ្តល់នូវរសជាតិឈ្ងុយឆ្ងាញ់ និងមានសារៈប្រយោជន៍ចំពោះសុខភាព ក្នុងការជួយរក្សាអត្រាជាតិកូលេស្តេរ៉ល ជួយការពារស្នាមជ្រីវជ្រួញ កាត់បន្ថយជាតិស្ករ ក្នុងឈាម ជួយឲ្យសក់ដុះលូតលាស់ និងជួយការពារជំងឺមហារីកផ្សេងៗជាដើម៕(អត្ថបទ៖ ហ៊ាង ថាច )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation