ក្រសួងទេសចរណ៍ ព្រមានមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ ដល់ភោជនីយដ្ឋានណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានព្រមានថា ក្រសួងនឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ណា ដែលមិនមានវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល។

តាមរយៈសារាចរណែនាំ ស្តីពីការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន ទេសចរណ៍ក្រសួងទេសចរណ៍បានបញ្ជាក់ថា យោងច្បាប់ស្តីពីទេសចរណ៍មាត្រា៣២ កថាខណ្ឌទី ២ បានបញ្ញាត្តិថា " គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្តល់អាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេសចរណ៍ ឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ។...” ដែលក្នុងនោះលក្ខខណ្ឌផ្តល់អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្ម ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ តម្រូវឱ្យមានជាចាំបាច់នូវវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួងទេសចរណ៍បន្តថា កន្លងមកក្រសួងទេសចរណ៍ សង្កេតឃើញមានការអនុវត្តតាមខ្លឹមសារនៃបញ្ញត្តិច្បាប់នេះ បានត្រឹមត្រូវចំពោះអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ភាគច្រើននៅទូទាំងប្រទេស ដោយឡែកក៏នៅមាន អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ក៏ដូចជាការអនុវត្តឱ្យបាននូវការស្នើសុំវិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិនៅឡើយ។

ក្នុងសារាចរណែនាំដដែលនេះ ក្រសួងទេសចរណ៍បញ្ជាក់ថា ដើម្បីចូលរួមដល់ការពង្រឹងសុវត្ថិភាពចំណីអាហារនៅតាម មូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត នឹងមិនផ្ដល់អាជ្ញាបណ្ណទេសចរណ៍ដល់គ្រប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ទាំងឡាយណា ដែលមិនមាន វិញ្ញាបនបត្របញ្ជាក់អនាម័យពីក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិ។

មួយវិញទៀត ក្រសួងទេសចរណ៍ នឹងសម្រេចដកហូតមវិញនូវអាជ្ញាបណ្ណទេសចរណ៍ ប្រសិនបើពិនិត្យឃើញថា មូលដ្ឋាន អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នោះ ពុំបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានអនាម័យតាមការ ណែនាំរបស់ ក្រសួងសុខាភិបាល ឬមន្ទីរសុខាភិបាល ឬរដ្ឋបាលថ្នាក់ក្រោមជាតិនោះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation