ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ អោយប្រសើរឡើងវិញ កំណាត់ផ្លូវជាតិ៥ ពីព្រែកក្តាម ដល់ខេត្តពោធិ៍សាត់
| ព័ត៌មានជាតិ
SHARE

(កំពង់ឆ្នាំង) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹក២១ ខែឧសភា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ធ្វើអោយប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជាង១៣៥គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម ខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន។

បើតាមប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។

ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងផងដែរថា ទទឹងតួផ្លូវនៅតំបន់ជនបទ ត្រូវពង្រីករហូតដល់ ២៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវសរុប ២៣ម៉ែត្រ ដោយក្នុងនោះ រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ មានទទឹង១៤ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយមានខឿនសួនចែកទិសដៅចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ បំពាក់ដោយរនាំងដែកសុវត្ថិភាព ចំកណ្តាលសួន និងចិញ្ចើមផ្លូវសងខាង ក្រាលបេតុងកៅស៊ូ AC ទទឹង ៣ម៉ែត្រ រួមទាំងបរិក្ខារសុវត្ថិភាពចាំបាច់ផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល គម្រោងសាងសង់កំណាត់ផ្លូវខាងលើគ្រោងចំណាយថវិកា សរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ ការសាងសង់ផ្លូវនេះគ្រោងប្រើរយៈពេល ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕

អត្ថបទ : សន ពិសិដ្ឋ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation