ព័ត៌មានជាតិ

កម្ពុជាកំពុងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល​

image

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កំពុងមមាញឹកក្នុងការរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង បានរៀបំកិច្ចប្រជុំមួយ ដើម្បីផ្សព្វផ្សាយសេចក្ដីសម្រេចស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថល។

ឯកឧត្ដម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាប្រធានក្រុមការងារបច្ចេកទេសនេះ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារបច្ចេកទេសដើម្បីសិក្សានិងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះមានសមាសភាពចំនួន ៣០រូប។ ឯកឧត្តម សុខ ពុទ្ធិវុធ បញ្ជាក់ថា កិច្ចប្រជុំផ្ដោតសំខាន់លើស្ថានភាពបច្ចុប្បន្ននៃរដ្ឋាភិបាលឌីជីថល កំណត់ទិសដៅដែលត្រូវអនុវត្តបន្ត និងរៀបចំបទដ្ឋានគតិយុត្ត ដើម្បីឈានដល់ការអនុវត្តគម្រោងប្រព័ន្ធផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋ ដោយឈរលើតម្រូវការជាក់ស្ដែង បញ្ហាប្រឈម បទពិសោធន៍កន្លងមក ជាពិសេសការផ្ដល់ភាពទុកចិត្តបាននៃប្រព័ន្ធ។

សូមជម្រាបថា ក្រុមការងារបច្ចេកទេសដើម្បីសិក្សានិងរៀបចំគោលនយោបាយរដ្ឋាភិបាលឌីជីថលនេះ មានភារកិច្ចសំខាន់ៗ ចំនួន ៤ គឺ៖
១. រៀបចំសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល
២. សិក្សានិងស្រាវជ្រាវរាល់ឯកសារពាក់ព័ន្ធគោលនយោបាយ ផែនការមេ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងស្ថានភាពរដ្ឋាភិបាលឌីជីថលក្នុងប្រទេស ថ្នាក់តំបន់ និងសកលលោក
៣. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍ដើម្បីពិនិត្យ សិក្សា និងស្នើសុំធាតុចូលបន្ថែមក្នុងការធានាសង្គតិភាពរវាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ជាមួយនឹងគោលនយោបាយពាក់ព័ន្ធ
៤. រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន តែងតែបានលើកឡើងថា កម្ពុជានឹងវិវត្តន៍ខ្លួនឱ្យទៅជា រដ្ឋាភិបាលឌីជីថល ឬ E-Government ដោយអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល( E- Commerce ) ជាពិសេស តម្រូវឱ្យមានធនធានមនុស្សឌីជីថល ដែលហៅថា E-People ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យបានឆាប់រហ័ស ស្របទៅនឹងបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី៤ ដែលប្រទេសអាស៊ានទាំង១០កំពុងអនុវត្ត៕