កម្ពុជា-វៀតណាម នឹងចាត់វិធានតឹងរ៉ឹងការបង្ក្រាបបទល្មើសឆ្លងដែននៅជាប់ខេត្ត៤ ត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍ពីប្រទេសវៀតណាម នាអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាបន្ទាប់ពីបានដឹកនាំកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហ ប្រតិបត្តិការនិងការអភិវឌ្ឍមិនដែលជាប់ព្រំដែនកម្ពុជាវៀតណាម និងតបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញ ចូលរួមដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហ ប្រតិបត្តិការ ឆ្នាំ២០១៩ រវាងក្រសួងទាំងពីរចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរទាំងក្នុង និងក្រៅក្របខ័ណ្ឌ នៃផែនការសហប្រតិ បត្តិការឆ្នាំ ២០១៨ កន្លងទៅ លើការងារសំខាន់ៗមួយចំនួន ដូចជា៖

១. កិច្ចសហការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ
២. ការផ្លាស់ប្ដូរទស្សនកិច្ចគណៈប្រតិភូ
៣. ការជួយគាំទ្រគ្នាទៅវិញទៅមកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបច្ចេកទេសបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាដើម។

តាមរយៈលទ្ធផលគួរឲ្យស្ងប់ស្ងែងទាំងនេះ បានរួមចំណែកកាន់តែខ្លាំងក្លាថែមទៀតដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ជាមួយនឹងការសម្រេចបានលទ្ធផលក្នុងការអនុវត្តផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០១៨ កន្លងទៅ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ និងឯកភាពយកចិត្តទុកដាក់បន្តអនុវត្ត កិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន៖
១.បន្តចាត់វិធានការម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមច្រករបៀង និងតាមភូមិសាស្ត្រស្មុគស្មាញ មួយចំនួន ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ តាមបណ្ដាខេត្តជាប់ព្រំដែន ដូចជា ខេត្តត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី។
២.បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
៣.បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយ សន្តិវិធី ឈរលើគោល ការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ភាគីទាំងពីរបានអបអរសាទរយ៉ាងក្លៀវក្លា ចំពោះការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការតស៊ូ រួមគ្នាដួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត។ ជាងនេះទៀតឆ្នាំ២០២០ ខាងមុខនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ហើយប្រទេសវៀតណាម នឹងធ្វើជាប្រធានអាស៊ាន។ក្នុងន័យនេះភាគីទាំងពីរប្តេជ្ញាខិតខំរួមសហការ និងចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលដៅថែរក្សាឲ្យបានរឹងមាំ នូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដើម្បីរួមចំណែកបម្រើឲ្យាការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ទៅបានដោយរលូន នឹងទទួលជោគជ័យ តាមការគ្រោងទុក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation