ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមានក្នុងពេលអនាគតដ៏ខ្លី
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ថា ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមានក្នុងពេលអនាគតដ៏ខ្លី ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម។

ការប្រកាសបែបនេះ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី រវាង ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងគណៈប្រតិភូចិនខេត្តឆុងឈី ដឹកនាំដោយលោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងបន្ថែមថានៅក្នុងជំនួបពិភាក្សា ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក LUO LINQUAN បានជម្រាបជូន ឯកឧត្តម ឈួន ដារ៉ា អំពីសក្តានុពលខេត្តឆុងឈីង និងការសាងសង់ផ្លូវដែកលើអាកាស ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមានឯកទេសខាងវិស្វកម្ម ព្រមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ នៃខេត្តឆុងឈីង។

ជាការឆ្លើយតប ឯកឧត្តម ឈួន ដារ៉ា បានសម្តែងការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាស ក៏ដូចជាវិស័យសក្តានុពលសំខាន់ៗមួយចំនួនទៀត។ឯកឧត្តម បានជម្រាបជូនភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។

ពាក់ព័ន្ធគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលលិខិតស្នើសុំជាផ្លូវការ ពីរដ្ឋបាលខេត្តឆុងឈីង និងមន្ទីរពាណិជ្ជកម្មរបស់ចិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation