សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការ ប្រកួតប្រជែងសារព័ត៌មានពិត និងមានល្បឿនលឿន
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ ៖ ថ្លែងភ្ជាប់ជាមួយនឹង ការជំរុញឲ្យមានការពង្រឹងសមត្ថភាពបុគ្គលិក នៅក្នុងវិស័យសារព័ត៌មាន ទាំងផ្នែករដ្ឋនិងឯកជន និងការជំរុញឲ្យ គ្រប់ស្ថានីយ៍ទូរទស្សនទាំងអស់ ត្រូវមានប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញផ្ទាល់ខ្លួនផងនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស​បើកយុទ្ធនាការ ប្រឡងប្រណាំងសារព័ត៌មាន ដែលចេញផ្សាយការពិត និងមានល្បឿនលឿន។

​សម្តេចតេជោ បានបញ្ជាក់ដែរថា ការចេញផ្សាយពិត ហើយលឿន គឺជារឿងដ៏ល្អមួយហើយ ប៉ុន្តែបើ​ចេញផ្សាយ បានច្រើនភាសា គឺកាន់តែល្អថែមទៀត។ ការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅល្ងាចថ្ងៃទី១១ ខែមករានេះ ក្នុងឱកាសអញ្ជើញជួបជុំជាលើកទី៣ ជាមួយអ្នកសារព័ត៌មាន នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

​ព្រមជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យអ្នកសារព័ត៌មាន ខិតខំលុបបំបាត់សារព័ត៌មាន ដែលជំរិតទារប្រាក់ផងដែរ។ សម្តេចថា អ្នកសារព័ត៌មាន គ្មានសិទ្ធិដើម្បីដាក់បារាស ចាប់ឡាននោះទេ ព្រោះខ្លួនមិនមែនជា នរគបាលយុត្តិធម៌ឡើយ។ សម្តេច សង្ឃឹមថា នឹងមិនមាន អ្នកសារព័ត៌មានណាម្នាក់ ដើរទារលុយគេទៀតនោះទេ។ សម្តេចតេជោ ក៏បានអំពាវនាវ ឲ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធនឹង ព័ត៌មានក្លែងក្លាយផងដែរ, សម្តេចបញ្ជាក់ថា ព័ត៌មានក្លែងក្លាយ មានច្រើនណាស់ នៅកម្ពុជា។

​ប្រមុខរាជរដ្ឋាភិបាល នៅក្នុងឱកាសដដែលនេះ​ បានអំពាវនាវផងដែរ ឲ្យក្រុមអ្នកសារព័ត៌មាន ទាំងនៅក្នុងស្ថាប័នរដ្ឋ និងឯកជន បន្តធ្វើជាកញ្ចក់ឆ្លុះការពិត នៅក្នុងសង្គម ហើយមិនត្រូវធ្វើជាកញ្ចក់បែកនោះទេ។ នេះមានន័យថា កម្ពុជា មិនត្រូវការព័ត៌មានលើស និងព័ត៌មានខ្វះនោះឡើយ។ សម្តេចថា ក្រុមអ្នកសារព័ត៌មាន ត្រូវបន្តធ្វើជាស្ពាន ចម្លងព័ត៌មានពីរដ្ឋ ទៅកាន់ប្រជាជន និងពីប្រជាជន មកកាន់រដ្ឋវិញ។

ព្រមជាមួយគ្នានោះ សម្តេចចង់ឲ្យអ្នកសារព័ត៌មាន ចូលរួមផ្សព្វផ្សាយរិះគន់ ក្នុងន័យស្ថាបនា ក្នុងស្ថាប័នរដ្ឋ និងការអនុវត្តរបស់បុគ្គល។

ចំណុចសំខាន់មួយទៀត ដែលសម្តេចតេជោ បានលើកឡើង នៅក្នុងជំនួបលើកទី៣ ជាមួយក្រុមអ្នកសារព័ត៌មាននេះ គឺសម្តេច ចង់ឲ្យអ្នកសារព័ត៌មាន ចូលរួមចំណែក ក្នុងការវិភាគ គិត លើបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ។ ព្រោះការអភិវឌ្ឍប្រទេស គឺមិនអាចកាត់ផ្តាច់បាន ពីវិស័យសារព័ត៌មាននោះឡើយ។

សូមជម្រាបថា មានអ្នកសារព័ត៌មាន ប្រមាណ៥ពាន់នាក់ បានអញ្ជើញចូលរួម នៅក្នុងពិធីជួបជុំរវាងសម្តេចតេជោ និងក្រុមអ្នកសារព័ត៌មាន លើកទី៣នេះ។ សម្តេចតេជោ បានប្រកាសថា នឹងបន្តជួបជាមួយអ្នកសារព័ត៌មាន ជាបន្តទៀតរៀងរាល់ឆ្នាំ រហូតទាល់តែសម្តេច ឈប់ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបង្កើនការយល់ដឹង និងសាមគ្គីភាព៕ ( អត្ថបទ៖ សន ពិសិដ្ឋ ​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation