វេទិកាភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលលើកទី២ នឹងរៀបចំឡើងនៅសប្តាហ៍ក្រោយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ប្រកាសថា វេទិកាភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលលើកទី២ នឹងរៀបចំធ្វើថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី២ ក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានស្នើដល់សាធារណជន សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការ មិនមែនរដ្ឋាភិបាលបរទេស ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការ ទំនាក់ទំនងចុះឈ្មោះ ជាមួយអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) យ៉ាងយូរត្រឹមម៉ោង១៧: ៣០ល្ងាច ថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ជាកំណត់។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គ មស៊ីវិល លើកទី១ ដែលមានការចូលរួមពីបណ្តាថា្នក់ដឹកនាំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងបណ្តាសមាគម សង្គមស៊ីវិល ប្រមាណជិត៤០០នាក់។ ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថា្នក់ក្រោមជាតិសហការរួមគ្នាជាមួយអង្គការសង្គមស៊ីវិល ដោយផ្អែកលើការពិត ត្រឹមត្រូវដោយមិនលំអៀង ក្នុងឆន្ទៈរួមគ្នាធ្វើ ប្រទេសកម្ពុជាកាន់តែរីកចំរើនបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានរំលឹកសាជាថ្មី ចំពោះ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលខកខានមិនបានបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌដែលកំណត់ដោយច្បាប់ ដែលមិនបានចុះបញ្ជីនិងតម្កល់សំណុំឯកសារនៅក្រសួងមហាផ្ទៃ ត្រូវបំពេញអោយបានត្រឹមត្រូវវិញស្របតាម ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

សូមជម្រាបថា ការរៀបចំអោយមានវេទិកានេះឡើងក្នុងគោលបំណង ដើម្បីអោយភាគីទាំងពីរទាំងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា ដែលជាចំណុចអសកម្មនាពេលកន្លងមក ហើយធ្វើការរួមគ្នាអោយកាន់តែជិត ស្និតក្នុងការអភិវឌ្ឍន៍ អោយសង្គមកម្ពុជាកាន់តែរីកចំរើនសម្រាប់បច្ចុប្បន្ន និងទៅពេលខាងមុខ៕
អត្ថបទ៖អោម ចែតច័ន្ទណារ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation