ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រឿងព្រំដែនគឺជារឿងដែលយើងត្រូវទទួលខុសត្រូវទាំងអស់គ្នា ដើម្បីការពារទឹកដី
| ព័ត៌មានជាតិ
SHARE

នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកថ្លែងនៅក្នុងពិធីសិក្ខាសាលា បូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ និងផ្សព្វផ្សាយ ផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០១៩ នៅទីបញ្ជាការយោធភូមិភាគទី៥ ខេត្តបាត់ដំបង។

ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់អង្គភាពចំណុះឲ្យយោធភូមិភាគទី៥ ដែលបានខិតខំបំពេញភារកិច្ចកន្លងមក និងកំពុងបំពេញភារកិច្ចបច្ចុប្បន្ននិងត្រៀមទៅថ្ងៃអនាគតដើម្បីបំពេញភារកិច្ចការពារជាតិបូរណភាពទឹកដីសុខសន្តិភាពជូនប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នាដែរឯកឧត្តមបានបន្តថា ដើម្បីថែរក្សាប្រៀបឈ្នះនិងការពារស្ថិរភាពសង្គម ការងារនយោបាយនិង ការងារ សន្តិសុខគឺ ដើរទន្ទឹមគ្នា គឺការប្រមូលកម្លាំងមហាជនដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមហាជនផ្ដល់ជំនឿទៅលើ កងទ័ពនិង រាជរដ្ឋាភិបាល ដែលនេះគឺជាការចូលរួមដ៏សំខាន់។

ហេតុនេះឯកឧត្តម ក៏សូមអបអរសាទរ និងកោតសរសើរចំពោះអង្គភាពនៅក្នុងយុទ្ធភូមិភាគទី៥ ដែលបានចូលរួមចលនាប្រឡង ប្រណាំងក្នុងការពង្រឹងប្រៀបការពារជាតិ និងការត្រៀមលក្ខណៈបំពេញភារកិច្ចជូនជាតិមាតុភូមិរបស់យើង។ ជាមួយនេះក៏សូម កោតសរសើរចំពោះយោធភូមិភាគទី៥ក្នុងការងារទំនាក់ទំនងព្រំដែនជាមួយប្រទេសជិតខាងបានល្អ។

មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់បន្ថែមថា រឿងព្រំដែនគឺជារឿងដែលយើងត្រូវទទួលខុសត្រូវទាំងអស់គ្នាការពារទឹកដី ត្រូវធ្វើតាមគ្រប់រូបភាពទាំងអស់ មិនមែនរឿងព្រំដែនទាល់តែយើងលើកគ្នាទៅវ៉ៃដូចកាលនៅព្រះវិហារទើបថា ការពារព្រំដែននោះ ទេ ព្រោះមានរូបភាពច្រើនណាស់ក្នុងការការពារទឹកដី និងការដណ្ដើមប្រៀបឈ្នះ។ដោយឡែកសម្រាប់ ការប្រែក្លាយព្រំដែនពី តំបន់សមរភូមិ ទៅជាតំបន់មិត្តភាព និងសេដ្ឋកិច្ចគឺយើងត្រូវធ្វើតាមទិសដៅរបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនធ្វើអ្វីឲ្យបាត់ប្រៀបនោះទេ ព្រោះរឿងព្រំដែននេះគឺជារឿងយូរអង្វែង។ ដូច្នេះសូមយកចិត្តទុកដាក់ក្នុងការថែរក្សា និងការឈរជើងរបស់កងកម្លាំងរបស់យើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការងារកំណែទម្រង់ដើម្បីធ្វើឱ្យប្រព័ន្ធ ការងារដើរទៅរលូន និងប្រសិទ្ធភាពនៅក្នុងការដឹកនាំបញ្ជា និងបន្សល់ប្រព័ន្ធការងារនេះទុកឲ្យនាយទាហានជំនាន់ក្រោយ គឺជាគោលដៅរួម និងធានានិរន្តរភាពសម្រាប់កងទ័ព ដែលនេះគឺជាការកសាងគ្រោងឆ្អឹងដ៏រឹងមាំមួយ សម្រាប់វិស័យការពារជាតិ យូរអង្វែងទៅមុខទៀត៕(អត្ថបទនិងរូបភាព៖មួង សុវណ្ណារិទ្ធ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation