ធនាគារជាតិនៃកម្ពុជាផ្អាកប្រតិបត្តិការរបស់ឥណទានជនបទ ៤ទៀត
ភ្នំពេញ៖ ផ្អែកតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០៩ខែមករា ធនាគារជាតិនៃកម្ពុជា បានដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី របស់គ្រឹះស្ថានឥណទានជនបទ (ប្រតិបត្តិករឥណទានជនបទ) ចំនួន៤ ដោយមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ជុំវិញការ បញ្ឈប់ប្រតិបត្តិការរបស់ឥណទានជនបទទាំងនោះទេ។
ប្រតិបត្តិករឥណទានជនបទចំនួន៤ថ្មីនេះ រួមមាន៖១. និវត្តន៍ ហ្វាយនែន ២. សកល ហិរញ្ញវត្ថុ ៣. អង្គការ រូបិយបណ្ណខ្មែរ (ខេ.អឹម) និង ៤. ស៊ីស៊ីហ្វាយនែន
ធនាគារជាតិនៃកម្ពុជា បានជូនដំណឹងដល់សាធារណជននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ការបញ្ចប់ប្រតិបត្តិករនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល១ត្រីមាស បន្ទាប់ពីធនាគាជាតិដកអាជ្ញាបណ្ណពីគ្រឹះស្ថានឥណទាន និងអាជីវកម្មប្ដូរប្រាក់ចំនួន៩ កាលពីខែកញ្ញាឆ្នាំ២០១៨។
កាលពីខែកញ្ញាឆ្នាំ២០១៨ ធនាគារជាតិបានដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ លើក្រុមហ៊ុន ឡឺរ៉ូស៊េ ហ្វាយនែនសល លីស៊ីង ភីអិលស៊ី, រួមទាំងមោឃភាពវិញ្ញាបនបត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន ៥ មានដូចជា ចំរើន ចំរើន ហ្វាយនែន ម.ក, អេច អូ អ អេស ក្រេឌីត ម.ក, មិត្តភាព ហ្វាយនែន ម.ក, ហ្វ៊ែរ ឃែភីថល ម.ក, សូពន្លឺ ហ្វាយនែន ម.ក។
ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានព្រមានទៅគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ដោយមិនតម្រូវឲ្យទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្តល់ឥណទាន នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងឈានទៅដល់ការដកអាជ្ញាបណ្ណ បញ្ឈប់សកម្មភាពអាជីវកម្ម។
គិតត្រឹមចុងឆ្នាំ២០១៧ មានធនាគារពាណិជ្ជចំនួន៣៩ ធនាគារឯកទេសចំនួន១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦៩ និង គ្រឹះស្ថានឥណទានជនបទចំនួន៣១៣ កំពុងប្រតិបត្តិផ្តល់សេវាហិរញ្ញវត្ថុនៅ ក្នុងទីផ្សារ កម្ពុជា៕ (អត្ថបទ៖ រ៉ាន់ រើយ)