ព័ត៌មានជាតិ

សម្តេចតេជោ៖ ការផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាកគឺកាន់តែផ្តល់នូវទំនុកចិត្តដល់ទេសចរបរទេស និងវិនិយោគគិនបរទេស

image

ភ្នំពេញ៖ ជំនួបប្រចាំឆ្នាំលើកទី៣ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអ្នកសារព័ត៌មាន កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

មុននឹងជំនួបនេះមកដល់នោះ នាព្រឹកថ្ងៃទី១០ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រហ្វេសបុក ផ្លូវការ យ៉ងដូច្នេះថា « នៅល្ងាចថ្ងៃសុក្រស្អែកទី ១១ មករា នេះ ខ្ញុំនឹងជួបបងប្អូន និងក្មួយៗអ្នកកាសែត នៅក្នុងកម្មវិធីបាយសាមគ្គី នៅកោះពេជ្យ។ ពិតប្រាកដណាស់ ការរីកចម្រើរបស់របស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូន និងក្មួយៗអ្នកសារព័ត៌មានបានឡើយ។

សម្តេចតេជោបាន បានបញ្ជាក់ទៀតថា «យើងបានបាត់បង់ឱកាសកសាងប្រទេសជាច្រើនឆ្នាំមកហើយដោយសារសង្រ្គាម។ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ គឺយើងត្រូវការទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគទុនបរទេស ជាច្រើនមកវិនិយោគនៅកម្ពុជា។ ដូច្នេះការចូលរួមផ្សព្វផ្សាយព័ត៌មានវិជ្ជមានពិតប្រាក គឺកាន់តែផ្តល់នូវទំនុកចិត្តដល់ ទេសចរបរទេស និងវិនិយោគគិនបរទេស។

ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ រួមទាំងបណ្តាញព័ត៌មាន អនឡាញ ( Online News ) និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ (Social Networks) ដែលបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។ ជាមួយគ្នានេះ នៅក្នុងឆ្នាំសកលថ្មី ២០១៩ នេះ សម្តេចរួមនឹងភរិយា បានជូនពរដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទូទាំងប្រទេសទទួលបានជោគជ័យ ក្នុងភាកិច្ចការងារនិងមានសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ ឯកឧត្តម ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី០៩ ខែមករា មានអ្នកព័ត៌មាន ៤,៦០០នាក់ហើយ ដែលបានចុះបញ្ជីសុំកាត ចូលរួម ហើយចំនួននេះនឹងបន្តកើនឡើង ដោយសារតែអ្នកព័ត៌មាន ជាច្រើនទៀតកំពុងស្នើសុំជាបន្ដបន្ទាប់ តែទោះជាយ៉ាងនេះក្តី ក្រសួងព័ត៌មានកំណត់ចំនួនត្រឹមតែ៥,០០០នាក់ប៉ុណ្ណោះ ដោយឈរលើហេតុផលនៃទីតាំងប្រារព្ធពិធី ដែលអាចដាក់អ្នកចូលរួមក្នុងចំនួននេះ។

សូមរំលឹកថា កាលពីឆ្នាំមុន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញ ជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣,៤០០នាក់ ដែលជា ជំនួបប្រចាំឆ្នាំលើកទី២ ដែលនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹង វិស័យព័ត៌មាននៅក្នុងប្រទេស កម្ពុជា៕(អត្ថបទ ៖ អោម ចែតច័ន្ទណារ៉ា)