ពហុកីឡដ្ឋានជាតិមរតកតេជោនឹងសាងសង់រួចរាល់នៅឆ្នាំចុងឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានការសាងសង់ប្រមាណ ៤០% ហើយ ក្នុងនោះការងារគ្រឿងបង្គុំសម្រេចបាន ៨០% គិតត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

ក្នុងឱកាសអញ្ជើញធ្វើជាសាក្សីក្នុងការដំឡើងបង្គុំកៅអីសម្រាប់អង្គុយទស្សនាបាល់ទាត់ក្នុងពហុកីឡដ្ឋានមរតកតេជោ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា នេះជាសមិទ្ធផលជាតិដ៏គួរជាទីមោទនៈ ហើយ កម្ពុជាពិតជាអរគុណដល់រដ្ឋាភិបាលចិន ចំពោះជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក ដើម្បីសាងសង់ពហុកីឡដ្ឋាននេះ។ ឯកឧត្តម ថោង ខុន បានចាត់ទុកថា ពហុកីឡដ្ឋានជាតិមរតកតេជោ ឬហៅម្យ៉ាងទៀតថា ពហុកីឡដ្ឋានអូឡាំពិកថ្មីនេះសាងសង់រួចរាល់នោះ នឹងធ្វើឱ្យតំបន់មួយនេះក្លាយទៅជាទីក្រុងរណបដ៏ទាក់ទាញបំផុតមួយ នាពេលអនាគត។

តំណាងក្រុមហ៊ុនសាងសង់ បានបញ្ជាក់ថា បង្គុំកៅអីថ្មនេះមានចំនួន៤.៦២៤ដុំ ជណ្ដើរមាន២.៣៩២កាំ និង បង្កាន់ដៃចំនួន១៩២ ហើយបន្ទាប់ពីចាប់ បង្គុំបេតុងនេះហើយ ទើបបំពាក់កៅអីជ័រដែលអាចផ្ទុកមនុស្សបានចំនួន៥៥.០០០នាក់ និងកៅអីបម្រុងចំនួន៥.០០០កៅអីទៀតផង។ ហើយការផលិតគ្រឿងបង្គុំកៅអីអង្គុយ និងការដំឡើងកៅអីអង្គុយអាចនឹងរួចរាល់នាខែមិថុនាខាងមុខ។ តំណាងក្រុមហ៊ុនដដែលឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងការដ្ឋានសាង់សង់ពហុកីឡដ្ឋាននេះប្រើកម្លាំងពលកម្ម ទាំងវិស្វករ ទាំង អ្នកបច្ចេកទេស និងកម្មករចំនួន៥៨០នាក់ដែលក្នុងនោះមានកម្មករ និង អ្នកបច្ចេកទេសខ្មែរចំនួន២៤០នាក់ ។

សូមជម្រាបថា កីឡដ្ឋានធំ (Main Stadium) ដែលជាមណ្ឌលទស្សនាបាល់ទាត់ដ៏ធំនេះ គឺមាន៥ជាន់ ដោយមានជាន់ផ្ទាល់ដី ជាន់កណ្ដាល និងជាន់ខ្ពស់បំផុត ដែលមានសមត្ថភាពជន្លៀសមនុស្សដោយប្រើពេល តែ៧នាទីប៉ុណ្ណោះ។

​គម្រោងសាងសង់ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា គ្រោងនឹងសាងសង់រួចរាល់ទាំងស្រុងនៅដំណាច់ឆ្នាំ២០២០ ខាងមុខ ហើយនាពេលនោះ រដ្ឋាភិបាលចិននឹងប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាតែម្ដង ដើម្បីត្រៀមសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣៕(អត្ថបទ៖អោម ចែតច័ន្ទណារ៉ា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation