២០ ឧសភា ទិវាជាតិនៃការចងចាំ ប្រារព្ធធ្វើក្នុងឆ្នាំ២០១៨នេះ ក្នុងនាមជាបុណ្យជាតិផ្លូវការ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី ២០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងប្រារព្ធធ្វើ ទិវាជាតិនៃការចងចាំ «២០ឧសភា» ដើម្បីជាការរំឭកដល់ជនរងគ្រោះ និងភាពឈឺចាប់នៃរបបប្រល័យពូជសាសន៍ ដែលកើតតចេញពីឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ ១៩៨៣ មក កម្ពុជាបានប្រារព្ធទិវានៃការចងចាំ ដែលកន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង» ដែលថ្ងៃ ២០ ឧសភា ជាថ្ងៃចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានធ្វើទុក្ខបុកម្នេញ កាប់សម្លាប់ប្រជាពលរដ្ឋរាប់លាននាក់។ មូលហេតុដែលកំណត់យកថ្ងៃទី ២០ ឧសភាព្រោះ កាលពីឆ្នាំ១៩៧៣ របបខ្មែរក្រហមបានកំណត់យកថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃកំណើតរបស់សហករណ៍ខ្លួន នៅតាមតំបន់រំដោះ និងបន្តអនុវត្តរហូតពេលខ្លួនគ្រប់គ្រងអំណាចនៅកម្ពុជា ហើយគោលនយោបាយនេះ ធ្វើឱ្យប្រទេសកម្ពុជាទទួលរងនូវសោកនាដកម្ម រងទុក្ខខ្លោចផ្សា និររាសព្រាត់ប្រាស និងរលាយរលត់ធ្លាក់ដល់ចំណុចសូន្យ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ដោយសម្រេចចញ្ចូល «ទិវាជាតិនៃការចងចាំ ២០ឧសភា» ទៅក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់មន្រ្តីរាជការសាធារណៈ បន្ថែមលើថ្ងៃឈប់សម្រាក បុណ្យទាននានាដែលមានស្រាប់។បន្ទាប់មកក្រសួងការងារបានចេញប្រកាសមួយដោយកំណត់ថា ទិវាជាតិនៃការចងចាំ «២០ឧសភា» អនុញ្ញាតឲ្យកម្មករនិយោជិត នៃសហគ្រាស គ្រឹស្ថានទាំងអស់ បានឈប់សម្រាកការងារ ដោយមានប្រាក់ឈ្នួល នៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ហើយ ចំពោះថ្ងៃឈប់សម្រាកបុណ្យទាំងឡាយណា ដែលត្រូវបានឈប់សម្រាកត្រូវចំលើ ថ្ងៃអាទិត្យនោះ កម្មករនិយោជិតនឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត។

សូមជំរាបថា រដ្ឋាភិបាលកម្ពុជាបង្កើតទិវានេះ ទិវាជាតិនៃការចងចាំ ជាបុណ្យជាតិផ្លូវការ ដោយកំណត់យកថ្ងៃទី២០ ខែឧសភា ជាថ្ងៃឈប់សម្រាកជារៀងរាល់ឆ្នាំនោះ គឺក្នុងគោលបំណង លើកតម្កើងការរំលឹកដល់ជនរងគ្រោះ ការស្ដារកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់ជនគ្រោះ ទោះជានៅរស់ ឬក៏បានបាត់បង់ជីវិតក៏ដោយ។ ប៉ះប៉ូវដល់ការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ។ ចូលរួមក្នុងការផ្សះផ្សាជាតិ និងជំរុញឲ្យមានសុខដុមរមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើឃោឃៅ ដែលកើតមាននៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កុំឲ្យកើតមានឡើងសារជាថ្មី៕

អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation