ព័ត៌មានជាតិ

«សែសិបឆ្នាំ ចាំមិនភ្លេច របបខ្មែរក្រហម!» ខួបអនុស្សាវរីយ៍ថ្ងៃ៧មករា​១៩៧៩-៧មករា២០១៩

image

(ខេត្តក្រចេះ​)៖ ពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចនាសម័យរបបខ្មែក្រហម ដែលសន្សល់ទុក្ខនូវវិប្បដិសារីរហូតបច្ចុប្បន្នដើម្បីរំលឹករឿងដ៏មហាល្វីងជូរចត់នេះ ខេត្តបាន​រៀបចំពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៩) ក្រោមអធិបតីភាព​ឯកឧត្ដម​កិត្តិ​បណ្ឌិត​ ពេជ្រ​ ប៊ុន​ធិន​ រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយ​ខេត្តក្រចេះ​ ដោយមានការចូលរួមពី ប្រជាពលរដ្ឋ មន្ត្រីរាជការព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ប្រមាណជាង ២៥០០ អង្គ/នាក់ ដែលប្រារព្ធធ្វើនៅបរិវេណ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្ត​ នាព្រឹកថ្ងៃ០៩មករា២០១៩។

ឯកឧត្ដម​កិត្តិ​បណ្ឌិត​ ពេជ្រ​ ប៊ុន​ធិន​ បានអានសុន្ទរកថាប្រកបដោយអត្ថន័យ​ អត្ថរស និងខ្លឹមសារយ៉ាងជ្រាលជ្រៅទាំងស្រុងចំនួន១១ទំព័ររបស់សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានគូសរំលេចពីទុក្ខវេទនារបស់ប្រជាពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ លើកបង្ហាញពីការតស៊ូពលីកម្មសព្វបែបយ៉ាងរបស់យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានទៅស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងស្តារប្រទេសជាតិឡើងវិញ ជាពិសេសនោះ បានលើកបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាពជាតិក្នុងរយៈពេល៤០ឆ្នាំកន្លងមក និងបង្ហាញនូវទស្សនៈ ចក្ខុវិស័យដ៏មុតស្រួចក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រើយវឌ្ឍនភាពដ៏មហាប្រសើរ។

ជាមួយគ្នានោះ ឯកឧត្ដម​កិត្តិ​បណ្ឌិត​ ពេជ្រ​ ប៊ុន​ធិន​ បានថ្លែងប្រាប់ដល់អ្នកចូលរួមតទាំងអស់​ នាឱកាសនោះថា បើផឹកទឹកត្រូវនឹកប្រភព ហើយយប្រសិនបើគ្មានថ្ងៃ៧មករា គឺយើងពិតជាគ្មានអ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប។

នាឱកាសនោះ លោកយាយលោកតា អ៊ំប្រុសស្រី បាននឹករឿងដ៏មហាវេទនា នាសម័យនោះបានក្ដុកក្ដួលឆួលក្នុងឱរា ហើយបានផ្ដែផ្ដាំ ទៅកូនៗ និងយុវជនថា សូមកូនចៅជំនាន់ក្រោយគ្រប់រូបត្រូវចងចាំថា កុំឱ្យមានរបបខ្មែរក្រហម ដែលកាប់សម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ សន្សល់ស្បែកដណ្ដប់ឆ្អឹង រស់រកពុទ្ធោ ដង្ហោយរកអ្នកជួយ រហូតសន្យាថា បើមានអ្នកជួយគឺដឹងគុណមួយជីវិតនិងចាត់ទុក្ខជាម្ដាយបង្កើតផ្ដល់ជីវិតទីពីរ៕​ (ដោយ​ នាង ចាន់ថា)