​ ​​រថភ្លើងទំនើបល្បឿនលឿនរបស់ក្រុមហ៊ុនRoyal Railways គ្រោងដាក់ឲ្យរត់លើផ្លូវ៣ខ្សែ គឺ ភ្នំពេញ-ប៉ោយប៉ែត ភ្នំពេញ-ខេត្តព្រះសីហនុ និងស្ថានីយរថភ្លើង-អាកាសយានដ្ឋាន
| ព័ត៌មានជាតិ
SHARE

 
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ រថភ្លើងល្បឿនលឿនចំនួនបីគ្រឿងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ(Royal Railways ) របស់អ្នកឧកញ៉ា គិត ម៉េង បានមកដល់កំពង់អន្តរជាតិ ក្រុងព្រះសីហនុ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវដែក បានលឿនទាន់ចិត្តដល់អ្នកធ្វើដំណើរ។

លោក ចន ហ្គារី នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានឲ្យដឹងថា រថភ្លើងល្បឿនលឿននេះបាននាំយកពីប្រទេសម៉ិកស៊ិក ដែលមានបណ្តោយប្រវែង ១៨ម៉ែត្រ ទទឹង ២ម៉ែត្រកន្លះ អាចដឹកភ្ញៀវបានចំនួន៧៨នាក់ ក្នុងល្បឿន៨០ទៅ១០០គីឡូម៉ែត្រក្នុង មួយម៉ោង និងល្បឿនជាមធ្យមពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅតាមស្ថានភាពផ្លូវ។

លោក ចន ហ្គារី បញ្ជាក់បន្ថែមថា ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង បាននាំមកជូនប្រជាជនកម្ពុជានូវរថភ្លើងល្បឿនលឿន នាពេលនេះ គឺជាមោនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានរថភ្លើងល្បឿនលឿនដំបូងគេ ដើម្បីភាពងាយស្រួលក្នុងការការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ និងជាផ្នែកមួយក្នុងការកាត់បន្ថយការស្ទះចរាចរណ៍និងមានសុវត្ថិភាព ក្នុងការធ្វើដំណើរ។

សូមជម្រាបថា រថភ្លើង Tramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បញ្ជាទិញពីប្រទេសម៉ិកស៊ិក នឹងយកមកប្រើប្រាស់ សម្រាប់ខ្សែរត់ចំនួន ៣ ខ្សែ គឺខ្សែទី១ រាជធានីភ្នំពេញ-ប៉ោយប៉ែត ខ្សែទី២ភ្នំពេញ-ខេត្តព្រះសីហនុ និងខ្សែទី៣ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿន ពោល ចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថា រថភ្លើង Tramway ថ្មីនេះ មានក្បាលម៉ាស៊ីនចំនួនពីរ គឺមុខមួយ និងក្រោយមួយ ហើយមានបច្ចេកវិទ្យាចុងក្រោយ បំផុតប្រកបដោយសុវត្ថិភាពខ្ពស់ និងទំនើប ដែលរួម ទ្វារស្វ័យប្រវត្តិ ,ជណ្តើរ,កៅអី, ម៉ាស៊ីនត្រជាក់,បន្ទប់ទឹក ,កន្លែងដាក់ អីវ៉ាន់,ប្រព័ន្ធអ៊ីនធឺណិតWifi ,ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែតុលា កន្លងទៅ នៅឯស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយ អំពីផ្លូវ រថភ្លើង Tramway ដោយផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំ យុទ្ធនាការផ្សព្វផ្សាយ អំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាព សម្រាប់អ្នកធ្វើដំណើរ ឆ្លងកាត់ផ្លូវរថភ្លើង ការផលិត វីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការ រថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។ ជាកិច្ចបញ្ចប់ នាយកដ្ឋានទាំងពីរ និងក្រុមហ៊ុន Royal Railway នឹងបន្តអនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីធានានូវ ប្រសិទ្ធភាព និងទទួលបាន ជោគជ័យក្នុងយុទ្ធនាការនេះ៕
(អត្ថបទ៖ អោម ចែតច័ន្ទណារ៉ា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation