ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបកម្មករ សម្រាប់ឆ្នាំថ្មី ដោយជួបកម្មករ ជាង១ម៉ឺន៨ពាន់នាក់ នៅ ខេត្តតាកែវ
| ព័ត៌មានជាតិ
SHARE

តាកែវ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺន ៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ ដែលនេះ គឺជាជំនួបលើកទី១ ឆ្នាំ២០១៩ និងបានធ្វើឡើងនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្ត តាកែវ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ជំនួបសំណេះសំណាលរវាងសម្តេចតេជោ និងកម្មករ កម្មាការិនីនៅថ្ងៃនេះ ជាជំនួបលើកទី៣ហើយ សម្រាប់ខេត្តតាកែវ។

ឯកឧត្តម រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន មកពីរោងចក្រ សហគ្រាស ក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។ រោងចក្រ សហគ្រាសទាំងនោះ កំពុងដំណើរការការត់ដេរសម្លៀកបំពាក់ចំនួន៥, ផលិតស្បែកជើងចំនួន៤, ផលិតកាបូបចំនួន១, ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន១ និងផលិតសក់សិប្បនិម្មិតចំនួន១។ផលិតផលទាំងនេះ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ ទីផ្សារក្នុងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានលើកបង្ហាញអំពីស្ថានភាពការងារនៅក្នុងខេត្តតាកែវ នាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានការងារសរុប ១៦៤ មានកម្មករនិយោជិត ជាង៤ម៉ឺន៨ពាន់នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារ ក្នុង១ឆ្នាំ។

គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម សរុប ៦២លើក មានកម្មករ កម្មការិនីចូលរួមសរុប ៨៩ម៉ឺន ៤ពាន់នាក់។ សម្រាប់រយៈពេលពេញពេញ១ឆ្នាំ២០១៨ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក មានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៥៩ម៉ឺន៦ពាន់នាក់។ តាមរយៈដំណើរចុះជួបជាបន្តបន្ទាប់នោះ មានបញ្ហាប្រឈមត្រូវបានដោះស្រាយ ហើយអត្ថប្រយោជន៍ជាច្រើន ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ចេញជាគោលការជូនដល់កម្មករ កម្មការិនី៕
(អត្ថបទ : សន ពិសិដ្ឋ រូបភាព : អេង សុគុណ លឹម មុនី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation