ឯកឧត្តម គង់ គាំ នឹងដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ឋធ្វើនយោបាយឡើងវិញ
| ព័ត៌មានជាតិ
SHARE

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ឯកឧត្តម គង់ គាំ មានប្រសាសន៍ថា ឯកឧត្តម និងកូនប្រុសឈ្មោះ គង់ បូរ៉ា នឹងដាក់លិខិតទៅកាន់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ដើម្បីស្នើសុំធ្វើនយោបាយឡើងវិញ។

ឯកឧត្តម គង់ គាំ មានប្រសាសន៍បញ្ជាក់ប្រាប់CNCថា ឯកឧត្តមនឹងមានសិទ្ឋធ្វើនយោបាយឡើងវិញ ព្រោះមិនបានប្រព្រឹត្តិអ្វីខុសនឹងច្បាប់។ ឯកឧត្តម មិនបានយកលិខិត ទៅដាក់នៅក្រសួងមហាផ្ទៃដោយផ្ទាល់ទេ ដោយជំនួយការគាត់នឹងទៅដាក់ជំនូស នាថ្ងៃស្អែកនេះ។

ការដាក់លិខិត ធ្វើនយោបាយឡើងវិញ របស់ឯកឧត្តម គង់ គាំ និងកូនប្រុសនេះ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បំរាម ធ្វើសកម្មភាពនយោបាយឡើងវិញ នាព្រឹកថ្ងៃនេះ។

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ ត្រូវបានហាមឃាត់ ក្នុងការធ្វើនយោបាយ ប៉ុន្តែនៅពេលសេចក្តីស្នើវិសោធនកម្មច្បាប់នេះ ចូលរួមជាធរមាន អតីតមន្ត្រីទាំងនោះ មានសិទ្ធិស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីសុំទៅនាយករដ្ឋមន្ត្រី ហើយថ្វាយទៅព្រះមហាក្សត្រ ដើម្បីផ្តល់នីតិសម្បទា ឬដកបម្រាមនយោបាយ។

ច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការបើកផ្លូវ ឲ្យអ្នកនយោបាយជាប់បម្រាម អាចធ្វើសកម្មភាពនយោបាយឡើងវិញនោះ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២ មករា ប៉ុន្តែប្រកាសជាសាធារណ នៅថ្ងៃ៨មករានេះ។

វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយថ្មី បានស្នើឡើងដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងបានចុះហត្ថលេខាស្នើដោយតំណាងរាស្រ្តជាង៣០នាក់ ដើម្បីដាក់សម្ពាធលើគណបក្សដែលកំពុងធ្វើនយោបាយនៅកម្ពុជាណាមួយ ដែលមានទំនាក់ទំនងជាមួយនឹងអ្នកមានទោស ឬទណ្ឌិត។

វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយថ្មី ដែលសម្រេចកែប្រែចំនួនប្រាំមាត្រា ឯមាត្រា៦ ថ្មី(ពីរ) ដែលបង្ហាញនូវចំណាប់អារម្មណ៍ជាងគេនោះ គឺការកែប្រែឡើងវិញ ដោយមានន័យសេចក្តីដូច្នេះថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈឹម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហរ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬបទមជ្ឈឹម និងធ្វើសកម្មភាពណាមួយដើម្បីជាប្រយោជន៍ខ្លួនឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation