ក្រសួងវប្បធម៌ នឹងអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក វឿន វុទី្ធ ថ្លែងលើគេហទំព័រហ្វេសប៊ុករបស់ខ្លូនថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំធ្វើការអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាត ទូទាំង ប្រទេស ដើម្បីទុកជាភ័ស្ដុតាង និងឯកសារសម្រាប់មនុស្សជំនាន់ក្រោយកុំឱ្យបំភ្លេចនូវសោកនាដកម្មដ៏ឃោរឃៅ និងព្រៃផ្សៃក្នុងអំឡុង៣ឆ្នាំ ៨ខែ និង២០ថ្ងៃកន្លងមក។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងយកចិត្តទុកដាក់ថែរក្សាទីតាំងប្រវតិ្តសាស្រ្តជនរងគ្រោះ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីធ្វើការអភិរក្សទុកជា ភ័ស្ដុតាងឱ្យបានដឹង សម្រាប់អ្នកជំនាន់ក្រោយៗទៀត។ ការអភិរក្សនេះ គឺដើម្បីរក្សាទុកជាភស្តុតាងជូនជនរងគ្រោះទាំងអស់ និងទុកជូនដល់ប្រជាជនមួយចំនួនតូច ដែលមានមតិផ្ទុយ មិនទទួលស្គាល់ថ្ងៃ៧ មករា ១៩៧៩ និងមិនដឹងគុណថ្ងៃ៧ មករា ១៩៧៩ សម្រាប់ជាភ័ស្តុតាងបង្ហាញនូវការវិភាគលើសាកសព លលាដ៏ក្បាលសាកសពជនរងគ្រោះ ដែលមានស្នាមវៃ មានស្នាមកាប់ មានស្នាមអារក មានស្នាមអារស្លឹកត្រចៀក ចងស្លាបសេក និងក្រណាត់រុំមុខជាដើម។

រហូតមកដល់ពេលនេះ នាយកដ្ឋានបុរាណ វិទ្យា និងបុរេប្រវត្តិវិទ្យានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់ គម្រោងអភិរក្សអដ្ឋិធាតុ ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ក្នុងរាជធានីភ្នំពេញប្រកបដោយជោគជ័យ។គម្រោងអភិរក្សមួយនេះមានលក្ខណៈវិទ្យាសាស្រ្ត ដែលត្រូវបានអនុវត្តន៍ដោយបុរាណវិទូខ្មែរ និងយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទំាងនោះ ឱ្យមានអាយុកាលយូរ អង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្រ្តកម្ពុជាតទៅអនាគត។

សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ (ការធ្វើកោសល្យវិច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត២០០ផ្នូរសាកសពរួម៕( ដោយ៖អេង ស្រីទៀង)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation