អតីត បច្ចុប្បន្ន និងអនាគត របស់កម្ពុជារយៈពេល៤០ឆ្នាំ ដែលកើតចេញពីស្មារតី ៧ មករា« សាមគ្គីភាព វីររភាព និងជ័យជម្នះ»
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់នៅក្នុងមិទ្ទិញ រំឭកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា ដោយចាតុទុកថា ថ្ងៃ ៧ មករា ជាមហាជ័យជម្នះជាប្រវតិ្តសាស្ត្រ ដែលបើកឡើងនូវទំព័រ សករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប ដែលធ្វើឱ្យកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាងនៅថ្ងៃនេះ នឹងមាននូវការជឿជាក់ចំពោះ អនាគតដ៏រុងរឿងរបស់ខ្លួន ដែលជាត្រូវបានកត់ត្រាទុកជារៀងរហូតនៅក្នុងការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ៗជំនាន់ ដែលស្រឡាញ់សន្តិភាព សេរីភាព និង យុត្តិធម៌។

សម្តេចតេជោ ហ៊ុន សែន អះអាងថា រយៈពេល ៤០ឆ្នាំកន្លងទៅនេះ ៧ មករា ១៩៧៩ ៧ មករា ២០១៩ អ្វីៗបានផ្លាស់ប្ដូរស្មានមិន ដល់ បានផ្លាស់ប្តូរកម្ពុជាដែលត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និងកំពុងបោះជំហានទៅមុខ យ៉ាងស្វាហាប់ លើមាគ៌ានៃសុខសន្តិភាព , ប្រជាធិបតេយ្យ, សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ សម្តេចតេជោបន្តថា ក្នុងរយៈពេល ៤០ ឆ្នាំមកនេះ បើទោះបីជាមានឧបសគ្គនិងការលំបាកធំប៉ុណ្ណាក៏ដោយ ក៏កម្ពុជានៅតែអាចពុះពារជម្នះបានដោយជោគជ័យ ធ្វើឲ្យប្រទេសជាតិទទួលបាននូវការផ្លាស់ប្ដូរជាជំហានៗ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់លើគ្រប់វិស័យ ដែល សមិទ្ធផលទាំងនេះ ច្បាស់ណាស់ អាចសម្រេចទៅបាន អាស្រ័យដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងកម្លាំងមហាសាមគ្គីរបស់ប្រជាជនយើងនៅទូទាំងប្រទេស ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្ត មួយចំនួន។

សម្តេចតេជោ បានបង្ហាញការប្រៀបធៀប កម្ពុជាកាលពី ៤០ឆ្នាំមុន និង កម្ពុជាបច្ចុប្បន្ន លើ ៥ចំណុចធំៗ៖
អតីតកាល ៖

១-កម្ពុជាត្រូវបានញាំញីនិងបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃការបែកបាក់ជាតិនិងបែងចែកទឹកដីអសន្តិសុខគ្រប់ទីកន្លែង។
២-កម្ពុជាពីមុនដែលជាវាលពិឃាតគ្រប់ដណ្ដប់ដោយអំណាចផ្តាច់ការ ឧក្រិដ្ឋកម្មគួរឲ្យរន្ធត់បំផុតនៃរបបប្រល័យ ពូជសាសន៍។
៣-កម្ពុជាពីមុនត្រូវគេប្រមាថមើលងាយត្រូវបានគេហ៊ុមព័ទ្ធនិងឯកោគាំងខាងនយោបាយសេដ្ឋកិច្ចកម្ពុជា
៤-កម្ពុជាដែលពីមុនជាប្រទេសធ្លាប់ទទួលបាននូវកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
៥-កម្ពុជា ពីមុន ជាប្រទេសអន់ថយបំផុតខាងផ្នែកសេដ្ឋកិច្ចគ្រប់ដណ្ដប់ដោយភាពក្រីក្រនិងមានកង្វះខាតស្បៀងអាហារ យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន៖
១-កម្ពុជាឥឡូវក្លាយជាប្រទេសដែលមានសន្តិភាពពេញលេញ
២-កម្ពុជាឥឡូវបានក្លាយជា ទឹកដីនៃសេរីភាពដែលមានការគោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការរៀបចំនៃការបោះឆ្នោតយ៉ាងទៀងទាត់ ដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌ ដែលគោរពគោលការណ៍ ច្បាប់ឥតងាករេ ហើយប្រជាជនគ្រប់រូបមានសិទ្ធិសេរីភាពស្មើគ្នានៅចំពោះមុខច្បាប់។
៣-កម្ពុជាជារដ្ឋឯករាជ្យមួយ ដែលមានអធិបតេយ្យនិងបូរណភាពទឹកដីពេញលេញ ហើយកំពុងពង្រីកការធ្វើសមារណកម្មខ្លួន យ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មនៃតំបន់និងពិភពលោក ព្រមទាំងកំពុងបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការតំបន់និងអន្តរជាតិ។
៤-កម្ពុជាឥឡូវបានក្លាយជាប្រទេសបញ្ជូនកងកម្លាំងរបស់ខ្លួន ទៅចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។
៥- កម្ពុជាឥឡូវបានក្លាយជាប្រទេសមួយនាំស្រូវអង្ករចេញ ធានាបានយ៉ាងគត់មត់នូវសន្តិសុខស្បៀង ហើយស្ថិតក្នុងចំណោម ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនជាងគេលើពិភពលោក សម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកែលម្អនៅសូចនាករផ្នែកសង្គមកិច្ច។

សម្រាប់អនាគតរបស់កម្ពុជា ៖
សម្រាប់ គោលដៅ អនាគត សម្តេចតេជោអះអាងថា ខណៈបច្ចុប្បន្នដែលកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប នោះ គឺកម្ពុជាកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ស្របគ្នាជាមួយនឹងការកែប្រែដ៏មិននឹកស្មានដល់ក្នុងរយៈពេល៤០ ឆ្នាំនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យបងប្អូនជនរួមជាតិ កម្ពុជា ចាត់ទុកស្មារតី ៧មករា ឲ្យស្ថិតនៅជានិច្ចក្នុងដួងចិត្តរបស់យើង ដោយស្មារតី ៧ មករា គឺជាកម្លាំងយ៉ាងធំធេង ដែលធ្វើឲ្យ យើងយកឈ្នះបានលើគ្រប់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង ក្នុងការកសាងនិងការពារមាតុភូមិ ស្មារតី ៧ មករា គឺសាមគ្គី ភាព, វីរភាពនិងជ័យជម្នះ ។

សម្តេចតេជោបញ្ជាក់ថា នៅក្នុងការដឹកនាំនាវាកម្ពុជាបន្តទៅមុខឆ្ពោះទៅរកត្រើយ នៃគុណភាព កាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ យើងនឹងត្រូវរួមគ្នាពុះពារជំនះនូវបញ្ហាប្រឈមនឹងការលំបាក ស្មុគស្មាញជាច្រើនថែមទៀត ហើយក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួល បានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន សម្តេចដឹងច្បាស់អំពីទំនួលខុសត្រូវរបស់សម្ដេច ចំពោះប្រជាជាតិទាំងមូល គឺសម្តេចសន្យាថានឹង បន្តដំណើរការកែទម្រង់រដ្ឋស៊ីជម្រៅក្នុងគ្រប់វិស័យដែលផ្អែកលើសាម្គីភាព,គតិបណ្ឌិត, ទេពកោសល្យ, អង់អាចក្លាហាន និងសេចក្តីព្យាយាម ដើម្បីជំរុញទៅមុខថែមទៀតលើការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គមជាតិ ឆ្ពោះទៅរកភាព កាន់តែចម្រើន រុងរឿង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ ឱ្យកាន់តែប្រសើរឡើង ឥតឈប់ឈរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation