សម្តេចតេជោ យកថ្ងៃជ័យជម្នះ ៧ មករា គូសបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាសម្រេចឲ្យបានជូនប្រជាជន «ការធានាធំៗទាំង៤យ៉ាង »
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅក្នុងអង្គមិទ្ទិញរំលឹកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋនិងការជឿទុកចិត្ត របស់ប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាលនីតិកាល ទី៦ នៃរដ្ឋសភា សម្ដេចសូមប្ដេជ្ញាជាឱឡារិកជាថ្មីម្តងទៀតថា នឹងពុះពារ ប្រឹងប្រែងអនុវត្តឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលគណបក្សបានសន្យាចំពោះ ជនរួមជាតិនៅមុនការបោះឆ្នោត ហើយដែលបច្ចុប្បន្នបានក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាល ទី៦ នៃរដ្ឋសភា ដែលក្នុងស្មារតីនេះ សម្ដេចសូម គូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចំពោះមុខរដ្ឋសភា កាលពីថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ក្នុងការប្រឹងប្រែងសម្រេចឲ្យបាននូវការធានាធំៗទាំង ៤យ៉ាង ជូនដល់ប្រជាជន។

សូមជម្រាបថា ការធានាធំៗទាំង ៤យ៉ាង ដែលសម្តេចតេជោ បានប្តេជ្ញាសម្រេចឲ្យបានជូនជនរួមជាតិកម្ពុជា រួមមាន៖

-ទី១. ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពភូមិឃុំ សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទី ក្នុងផ្ទៃប្រទេស ព្រមទាំង ការការពារឯករាជ្យ,អធិបតេយ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញ បានឡើយ។

-ទី២. ការធានាបន្តអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងគ្រប់វិស័យដែលផ្ដោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹង ស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងបង្កើនប្រសិទ្ធភាពនិងលើកកម្ពស់គុណភាពសេវាសាធារណៈ, ការពង្រឹង បរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានសេដ្ឋកិច្ចរឹងមាំធន់នឹងវិបត្តិ និងទ្រទ្រង់កំណើនខ្ពស់ប្រកបដោយចីរភាព,បរិយាប័ន្ន និងសមធម៌, ការបន្តផ្តល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស និងការបង្កើនការវិនិយោគទាំងការវិនិយោគសាធារណៈ ទាំងការ វិនិយោគឯកជនលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបង្កើនភាពទាក់ទាញនិងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច។

-ទី៣. ការធានាជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការបណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ , ការជួយកសិករក្នុងការពង្រីក ពាណិជ្ជកម្មនិងការរកទីផ្សារលក់កសិផល, ការបន្តដំឡើងប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងការកែលម្អ លក្ខខណ្ឌការងារនិងការការពារអាជីពជូនកម្មករនិយោជិត, ការបន្តបង្កើនប្រាក់បៀវត្សរ៍និងប្រាក់សោធននិវត្តន៍ជូនមន្ត្រី សាធារណៈ គ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន, ការពង្រីកបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី និងទឹកស្អាត។ល។។

-ទី៤. ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាមរយៈការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព សម្រាប់ប្រជាជនគ្រប់រូប ជាពិសេសសម្រាប់អ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ទទួលរងគ្រោះដោយមិនមានការ យកចិត្តទុកដាក់នោះឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation