សម្ដេចតេជោ៖ សន្តិភាព សន្តិសុខនិងស្ថិរភាពនយោបាយ បានបង្កើតឱកាស«មាស»ដែលពុំធ្លាប់មានដល់កម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ តាមរយៈសុន្ទរកថាបើអង្គមិទ្ទិញរំលឹកខួបទី៤០ នៃទិវាជ័យជម្នះ ៧ មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយបានបង្កើតឱកាស «មាស» ដែលមិនធ្លាប់មាននៅកម្ពុជាក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចឲ្យសម្រេចបានសមិទ្ធផល យ៉ាងធំធេងគួរជាទីមោទនៈនៅក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។

សម្តេចតេជោ ហ៊ុន សែន រំលេចថា រយៈពេល ៤០ ឆ្នាំដែលត្រូវចាត់ទុកជាឱកាសមាស សម្រេចបានសមិទ្ធផលជូនដូចជា ៖
- ក្នុងនោះ កម្ពុជាទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចនិងលឿនបំផុតលំដាប់ទី៦ លើពិភពលោក ដែលសម្រេចបានកំណើនជាមធ្យមជាង ៧ភាគរយ ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់ នៃវិស័យ ឧស្សាហកម្ម, កម្មន្តសាល,សំណង់, កសិកម្ម, សេវាកម្ម, ទេសចរណ៍,អចលនទ្រព្យ,គមនាគមន៍ និងដឹកជញ្ជូន។ ជាលទ្ធផល សេដ្ឋកិច្ចជាតិបានរីកធំធាត់យ៉ាងឆាប់រហ័ស ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុបបានកើនពីប្រមាណ៣៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ ២៤.៦០៥លានដុល្លារនៅឆ្នាំ២០១៨។

-រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាក៏កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសដែលពឹងផ្អែក ជាសំខាន់ លើវិស័យឧស្សាហកម្មនិងសេវាកម្មវិញ។

-ផ្លូវ,ស្ពាន,បណ្ដាញអគ្គិសនី,ទឹកស្អាត,ប្រព័ន្ធធារាសាស្ត្រ ,មន្ទីរពេទ្យ,សាលារៀន ត្រូវបានស្ថាបនាច្រើនស្អេកស្កះពាសពេញ ផ្ទៃប្រទេស។រោងចក្រសហគ្រាស,កសិដ្ឋាន,មជ្ឈមណ្ឌលពាណិជ្ជកម្ម,ផ្សារទំនើប,អាគារខ្ពស់ៗ ត្រូវបានកសាងនិងពង្រីកកាន់តែ ច្រើន ដែលបានផ្ដល់ការងារជូនប្រជាជនរាប់លាននាក់នៅគ្រប់ទិសទី។

- កម្ពុជាត្រូវបានមជ្ឈដ្ឋានវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា វាយតម្លៃថា ជាប្រទេសដែល មានបរិយាកាសល្អ សម្រាប់ការវិនិយោគនិងធុរកិច្ច។

- សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ កម្ពុជារំពឹងថានៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ និងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្តទៀត។

-លើមូលដ្ឋាននៃសមិទ្ធផលប្រមាត់វិស័យសេដ្ឋកិច្ចនេះ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ទទួលបាននូវការកែលម្អកាន់តែ ប្រសើរឡើងជាលំដាប់ ដែលប្រការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ ២៨៨ ដុល្លារនៅឆ្នាំ២០០០ ដល់ ១.៥៦៣ ដុល្លារនៅឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រក៏បានធ្លាក់ចុះពីប្រមាណ ៥៣,២ ភាគរយនៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ ១៣,៥ភាគរយនៅឆ្នាំ២០១៤ ហើយនឹងត្រូវបានរំពឹងថា បន្តថយចុះមកនៅក្នុងរង្វង់១០ភាគរយ នាពេលបច្ចុប្បន្ន។


ឈរលើសមិទ្ធផលខាងលើនេះ សម្តេចតេជោអះអាងថា សរុបមកក្នុងរយៈពេល ៤០ឆ្នាំ ផ្តើមពីជ័យជម្នះ ៧ មករា ១៩៧៩ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ដែលគ្មានអ្នកណាអាចនឹកស្មានដល់ ដែលកម្ពុជាពីមុនត្រូវបានញាំញីនិងបំផ្លិចបំផ្លាញ ដោយសង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់ជាតិនិងបែងចែកទឹកដី សន្តិសុខគ្រប់ទីកន្លែង តែឥឡូវបានក្លាយជាប្រទេសដែលមានសន្តិភាព ពេញលេញ មានការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីទាំងស្រុង មានសន្តិភាពមានសន្តិសុខរឹងមាំ និងក្លាយ ជាតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញក្នុងតំបន់និងពិភពលោក ហើយមានប្រជាជនរស់នៅក្នុងសុខសន្តិភាពយ៉ាងសុខដុមរមនា ទាំងក្នុងគ្រួសារ ទាំងក្នុងសហគមន៍ និងទាំងក្នុងសង្គមជាតិទាំងមូល។

សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា សង្កត់ធ្ងន់ថា កម្ពុជា បានឆ្លងកាត់យ៉ាងជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation