តុលាការខេត្តកំពង់ស្ពឺដោះលែងចោរប្លន់២នាក់ ខណៈអ្នកភូមិនិយាយឡើងហុយដីថា អស់៦០០០ដុល្លារ
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ ជនសង្ស័យករណីប្លន់ម៉ូតូ និងរថយន្ត២នាក់ ត្រូវលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចដោះលែងវិញកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីចាប់បាន២ថ្ងៃ។

ចោរសង្ស័យ២នាក់នោះមាន ឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល ។

ការដោះលែងចោរប្លន់សង្ស័យនេះត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងអ្នកភូមិនិយាយឡើងហុយដីថា ប្រពន្ធជនសង្ស័យឈ្មោះ នោ ពន ជាអ្នកនិយាយប្រាប់អ្នកភូមិ និងនិយាយបញ្ឈឺឌឺដងអោយនគរបាលថា «មិនដឹងជាខំមកចាប់ប្តីនាងធ្វើអី បើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល។ សម័យនេះហើយ អស់តែ៦០០០ដុល្លារ ចេញវិញប្រុយ អត់បញ្ហា»។

ក្នុងការដោះលែងចោរប្លន់សង្ស័យខាងលើនេះលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា «សួរទៅលោកស្រីព្រះរាជអាជ្ញា នគរបាលមិនមានសិទ្ធិឲ្យជនសង្ស័យនៅក្រៅឃុំទេ»។

ចំណែកស្ថាប័នតុលាការ យើងខ្ញុំមិនទាន់អាចសុំការបញ្ជាក់ពីព្រះរាជអាជ្ញារងលោក អ៊ូ ផាត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ បាននៅឡើយ ។

សូមរំលឹកថា ក្រុមចោរប្លន់ទាំង២នាក់នោះ ត្រូវបាននគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស លួចមានស្ថានទម្ងន់ទោស។ដោយជនសង្ស័យជាចោរប្លន់ឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈចោររូបនេះកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 សេរីឆ្នាំ ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ហើយរថយន្តខាងលើត្រូវពួកគេលួចបាន រួចយកទៅលាក់ទុក នៅផ្ទះរបស់ឈ្មោះ នោ ពន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ នោ ពន ម្នាក់ទៀត យកទៅសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន។ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរប្លន់ឆ្លងខេត្ត ខាងលើ សមត្ថកិច្ច ដកហូតវត្ថុតាង ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមាន រថយន្តម៉ាកសាំយ៉ុងពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ចំនួន១គ្រឿ ប្រដាប់កឹបស្លាកលេខចំនួន១ កូនសោរឡានចំនួន៧។នៅពេលឃាត់ខ្លួន ឈ្មោះ នោ ពន សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន១គ្រឿង។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានប្រគល់វត្ថុតាងមួយចំនួនទៀតឱ្យសមត្ថកិច្ច៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation