អាកាសធាតុត្រជាក់កំពុងគ្រប់ដណ្ដប់ខេត្តមណ្ឌលគិរី ខណៈសីតុណ្ហភាពធ្លាក់ចុះរហូតដល់១៨ អង្សាសេ
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ អាកាសធាតុចុះត្រជាក់ខ្លាំងបាននឹងកំពុងគ្របដណ្តប់ខេត្តមណ្ឌលគិរី ប្រហែលពីរសប្ដាហ៍មកហើយ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះត្រឹម១៨ទៅ១៩អង្សាសេនៅពេលយប់ និងពេលព្រឹក ចំណែកឡើងខ្ពស់បំផុតនៅពេលថ្ងៃត្រង់ គឺមិនលើស៣០អង្សាសេនោះទេ។


លក្ខណៈអាកាសធាតុត្រជាក់បែបនេះដែរ ក៏បានធ្វើឲ្យអាជីវករដែលលក់អាវរងារជជុះនៅតាមទីសាធារណៈកំពុងលក់ដាច់ខ្លាំង ដោយមានអតិថិជនចូលទិញអាវរងារជាហូរហែ តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាច ។


ជាមួយគ្នានេះដែរ ឥទ្ធិពលរបស់ព្យុះប៉ាប៊ុក ដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ឲ្យមានការប្រុងប្រយ័ត្ននោះ មិនទាន់បានបង្កជាបាតុភូតអាក្រក់អ្វីមកលើខេត្តមណ្ឌលគិរី នោះទេ ដោយគ្រាន់តែធ្វើឲ្យមានអាកាសធាតុចុះត្រជាក់ជាងធម្មតាបន្តិចប៉ុណ្ណោះ និងមានលាយឡំជាមួយភ្លៀងរលឹមៗតិចតួច ។


អាជីវករលក់អាវរងារជជុះក្នុងក្រុងសែនមនោរម្យ លោកស្រី សេក វី បានប្រាប់ថា មួយរយះចុងក្រោយនេះបន្ទាប់ពីអាកាសធាតុចុះត្រជាក់ លោកស្រីអាចលក់អាវរងារជជុះបានច្រើនខុសពីធម្មតា ដោយអាចលក់បានចន្លោះពី២០ ទៅ៣០អាវក្នុង១ថ្ងៃ ហើយមានថ្ងៃខ្លះលក់ដាច់បានដល់ទៅ៥០អាវក៏មាន ពេលដែលចុះត្រជាក់ខ្លាំង។ លោកស្រីបន្តថា ជារៀងរាល់ឆ្នាំលោកស្រីតែងលក់អាវរងារជជុះនេះសម្រាប់តែរដូវរងារប៉ុណ្ណោះ ពោលគឺចន្លោះពីខែធ្នូ រហូតដល់ខែកុម្ភៈ។ អាជីវករខាងលើបញ្ជាក់ទៀតថា នៅរៀងរាល់ឆ្នាំខេត្តមណ្ឌលគិរី ចាប់ផ្ដើមចុះត្រជាក់ជាបណ្ដើរៗ ចាប់ពីអំឡុងដើមខែធ្នូ និងត្រជាក់ខ្លាំងនៅចុងខែធ្នូដល់ខែមករា ហើយដល់ខែកុម្ភៈ មិនសូវត្រជាក់ខ្លាំងនោះទេ។


ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោក ប៊ុន សួរ បានថ្លែងប្រាប់នៅថ្ងៃទី៣ មករា ២០១៩នេះដែរថា ទោះបីជាអាកាសធាតុបានចុះត្រជាក់បែបនេះក្ដី ប៉ុន្តែចំពោះសុខភាពប្រជាពលរដ្ឋទូទៅ មិនមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានប្រជាពលរដ្ឋមួយចំនួនតូចជួបប្រទះជាមួយអាការៈផ្ដាសាយប៉ុណ្ណោះ ។


សូមបញ្ជាក់ដែរថា ក្នុងចំណោមបណ្ដាក្រុងស្រុកទាំង៥របស់ខេត្តមណ្ឌលគិរី មានក្រុង-ស្រុកចំនួន៣ ដែលទទួលរងនូវភាពត្រជាក់ និងសំណើមច្រើនជាងគេ ព្រោះតែភូមិសាស្ត្រស្ថិតនៅតំបន់ភ្នំ ដោយក្នុងនោះរួមាន ក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកពេជ្រាដា ចំណែកស្រុកកែវសីមា និងស្រុកកោះញែក គឺមិនសូវរងនូវភាពត្រជាក់ ឬរងារខ្លាំងនោះទេ ៕

(អត្ថបទ៖នាង ចាន់ថា, រូបភាព៖ប៊ុត សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation