មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី គូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ មានផលប៉ះពាល់ខ្លាំង ដល់ស្ត្រី ​កុមារ និងជនមានពិការភាព
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ ការប្រែប្រួលអាកាសធាតុ ផ្តល់ផលប៉ះពាល់អវិជ្ជមាន ពាសពេញពិភពលោក គឺទាំងកម្រិតតំបន់ និងកម្រិតជាតិ។ ការប្រែប្រួលអាកាសធាតុនេះ មានការប៉ះពាល់ខ្លាំង​ ចំពោះស្រ្តី កុមារ និងជនមានពិការភាព ជាពិសេស ស្ត្រីទទួលបន្ទុកធ្ងន់ណាស់ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកសិកម្ម។ ស្ត្រីចំនួន៥២ភាគរយ បានចូលរួមសកម្មភាពជាមួយបុរស ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នេះបើតាមប្រសាសន៍ លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំ និងសម្របសម្រួលការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ នៃក្រសួងកិច្ចការនារី បានលើកឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ ការយល់ដឹង ស្តីពីការបញ្ជ្រានយេនឌ័រ ក្នុងគម្រោងវិនិយោគបន្សុំា ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើង នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ២។

លោកជំទាវ បានមានប្រសាសន៍ដែរថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់ សម្រាប់នារី គឺមានគោលបំណង លើកកម្ពស់ចំណេះដឹង ស្តីពីការបញ្ជ្រាបយេនឌ័រ ក្នុងការវិនិយោគការបន្សាំ នឹងការប្រែប្រួលអាកាសធាតុ ដែលជាតម្លៃបន្ថែម សម្រាប់ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី សមភាពយេនឌ័រ និងការកាត់បន្ថយរាល់ទំរង់នៃការរើសអើង។

បើតាមប្រសាសន៍ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានឲ្យដឹងដែរថា បញ្ហាប្រែប្រួលអាកាសធាតុ ជាបញ្ហាសាកល ហើយសម្រាប់ប្រទេសកម្ពុជា បញ្ហានេះ បានប៉ះពាល់ទៅលើវិស័យកសិកម្ម ផ្លូវថ្នល់ និងធនធានទឹកជាដើម ដែលក្រសួងបរិស្ថាន បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយការយល់ដឹង ទៅដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយ នូវហានិភ័យ។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ និងអនុវត្តនូវអនុក្រឹត្យលេខ៤៧ ស្តីពីទិវាបរិស្ថានស្អាត ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ដែលតម្រូវឲ្យមានការរៀបចំនូវព្រឹត្តិការណ៍ គៀងគរអ្នកពាក់ព័ន្ធនានា រួមមានប្រជាពលរដ្ឋ ព្រះសង្ឃ នគរបាល និស្សិត រៀងរាល់ឆ្នាំ ដើម្បីចូលរួមកសាងស្មារតី និងចែករំលែកនូវសំភារៈមួយចំនួន ដើម្បីសំអាត និងធ្វើឲ្យប្រសើរឡើង នូវសោភ័ណភាពក្នុងប្រទេស ទាំងនៅទីក្រុង និងជនបទ៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation