ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ» នៅលើភ្នំដងរែក នៅព្រឹកថ្ងៃទី៥មករាឆ្នាំ២០១៩
| ព័ត៌មានជាតិ
SHARE

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍ ដែលcncទទួលបាន ឲ្យដឹងថា នៅថ្ងៃទី៥មករា ក្រសួងនឹងរៀបចំព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» នៅលើភ្នំដងរែក ក្នុងស្រុកអន្លង់វែងដើម្បីជាការចាប់ផ្តើមថ្មីសម្រាប់ស្រុកអន្លង់វែង និងដើម្បីគាំទ្រដល់សន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃចលនាខ្មែរក្រហម។

ចំណុចចេញដំណើរ ពីសារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក និងច្រកអន្តរជាតិជាំ ដោយធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩
ចាប់ពីម៉ោង៦ព្រឹក។

ព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ» គឺជាព្រឹត្តិការណ៍សង្គមដំបូងបង្អស់ ដើម្បីប្រារព្ធខួបទី២០ឆ្នាំនៃការទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨។
អន្លង់វែងគឺជាស្រុកតូចមួយរបស់ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ អន្លង់វែងមានព្រំដែនជាប់នឹងប្រទេសថៃ និងសម្បូរណ៍ទៅដោយទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជាច្រើនរបស់កម្ពុជា។ ខ្មែរក្រហមគឺជាឈ្មោះរបស់របបកុម្មុយនីស្តមួយ ដែលគ្រប់គ្រងប្រទេសកម្ពុជានៅក្នុងខែមេសា ឆ្នាំ១៩៧៥។

អស់រយៈពេលប្រហែល៤ឆ្នាំក្រោយមក ប្រជាជនកម្ពុជាបានទទួលរងនូវការធ្វើការដោយបង្ខំ គ្រោះទុរ្ភិក្ស អំពើទារុណកម្ម និងការសម្លាប់រង្គាល។ នៅក្រោមរបប ប៉ុល ពត របបនេះធ្វើឲ្យប្រជាជន បាត់បង់ជីវិត និងស្ទើរតែបានបំផ្លិចបំផ្លាញមូលដ្ឋានគ្រឹះរបស់សង្គមកម្ពុជាទាំងស្រុង ដោយរាប់ទាំងសាសនា និងវប្បធម៌។ គ្រួសារនីមួយៗត្រូវបែកខ្ញែកគ្នា មនុស្សជាទីស្រឡាញ់របស់ខ្លួនត្រូវបានបំបែក ហើយមនុស្សជាច្រើនត្រូវបានចាប់ខ្លួន និងសម្លាប់ចោល។

នៅពេលដែលរបបខ្មែរក្រហមបានដួលរលំនៅខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានគ្របដណ្តប់ទៅដោយរណ្តៅសាកសពរួមជាច្រើន។ បើទោះជារបបនេះត្រូវបានបណ្តេញចេញពីអំណាចនៅឆ្នាំ១៩៧៩យ៉ាងណាក៏ដោយ ក៏សមាជិកខ្មែរក្រហមជាច្រើនបន្តធ្វើសង្គ្រាមទ័ពព្រៃ។ អស់រយៈពេលជិតពីរទសវត្សរ៍ ចលនាខ្មែរក្រហមបានគ្រប់គ្រងតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ អន្លង់វែងត្រូវបានស្គាល់ថាជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហមនេះ។ អន្លង់វែងបានបន្សល់ទុកនូវស្លាកស្នាមនៃការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយអតីតកម្មាភិបាលជាច្រើនបន្តរស់នៅក្នុងតំបន់នេះរហូតដល់សព្វថ្ងៃនេះ។

ព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ»ព្យាយាមតម្រង់ការចាប់អារម្មណ៍ទៅលើសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់និមិត្តរូបមួយនៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។

ការធ្វើសមាហរណកម្មរបស់អន្លង់វែងមានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីរបស់ប្រជាជនកម្ពុជានៅក្នុងតំបន់នេះ ដែលតស៊ូជម្នះទៅនឹងសង្រ្គាម និងផលវិបាកទាំងឡាយ ដោយរាប់បញ្ចូលទាំងជំងឺ ពិការភាព ភាពក្រីក្រ និងការបាត់បង់ជីវិត។ ការធ្វើសមាហរណកម្មរបស់តំបន់នេះក៏មានន័យស្មើនឹងការចាប់ផ្តើមសាជាថ្មីសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។

សព្វថ្ងៃនេះ អន្លង់វែងបង្កប់នូវភាពអាថ៌កំបាំង ដំណើរផ្សងព្រេង សម្ភស្សធម្មជាតិ និងហានិភ័យខ្លះដែរ។ តំបន់នេះធ្លាប់ជាចំណុចជួរមុខនៃជម្លោះព្រំដែនជាមួយប្រទេសថៃ ហើយតំបន់ព្រៃស្រោងមួយចំនួននៅតែមិនអាចចូលទៅដល់ដោយសារតែគ្រាប់មីនជាដើម។ ប៉ុន្តែខណៈដែលសៀវភៅមគ្គុទ្ទេសក៍មុនៗអាចពណ៌នាអន្លង់វែងថាជាគោលដៅនៃដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថាន តំបន់នេះបែរជាទទួលបាននូវសុខសុវត្ថិភាព និងសន្តិភាព ដែលមិននឹកស្មានដល់។

ព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ»នេះព្យាយាមគូសបញ្ជាក់ពីតម្លៃទាំងអម្បាលមាណនេះ តាមរយៈផ្លូវដើរប្រកបដោយទេសភាពដ៏ស្រស់បំព្រងដែលបាននាំអ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡា«ថ្មើរជើងប្រវត្តិសាស្ត្រ» និងសាធារណជនទាំងឡាយទៅកាន់ទីតាំងដ៏ស្រស់សោភាជាច្រើនរបស់ស្រុកអន្លង់វែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation