រដ្ឋសភាអនុម័តវិសោធនកម្មច្បាប់ចំនួនពីរ ដើម្បីជំរុញប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាលដែនដី ឈានទៅបំពេញតម្រូវការពលរដ្ឋនិងសង្គមជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅវិមានរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី០៣ ខែមករានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ដែលមានវត្តមានសមាជិកសមាជិការដ្ឋសភាចូលរួមប្រជុំចំនួន១០៨រូប បានពិភាក្សានិងអនុម័ត លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ហើយត្រូវបានរដ្ឋសភា អនុម័តគាំទ្រចំនួន១០៨សម្លេង លើ១០៨សម្លេង ។

បន្ទាប់ពីរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ទាំងពីរនេះនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាពិភាក្សាអនុម័តនាពេលខាងមុខ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខាប្រើប្រាស់ជាផ្លូវការណ៏។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប និងឯកឧត្តម ហ៊ុន ណេង ប្រធានតំណាងរាស្រ្តហត្ថលេខី បានពន្យល់ពីភាពចំាបាច់ក្នុងការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ទាំងពីរនេះថា ដើម្បីឱ្យស្របទៅនឹងបរិបទសង្គមនិងការអភិវឌ្ឍប្រទេសជាតិ ដោយអះអាងថា ដោយសង្គមជាតិមានការរីកចម្រើនតម្រូវឱ្យរដ្ឋបាលដែនដីនីមួយៗ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋនិងខិតខំធ្វើការអភិវឌ្ឍមូលដ្ឋានខ្លួន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងសង្គមផងដែរ។ ឯកឧត្តមបន្តថា វិសោធនកម្មច្បាប់ទាំងពីរនេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន ព្រមទាំងស្របតាមស្ថានភាពភាពបច្ចុប្បន្ន ជាកត្តាប្រជាសាស្ត្រ និងភូមិសាស្ត្រ ការអភិវឌ្ឍរីចម្រើននៃសេដ្ឋកិច្ចសង្គម។

សូមជម្រាបថា វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ គឺត្រង់មាត្រា១៨ដើម្បីកំណត់ចំនួនសមាជិករាជធានី ខេត្ត ក្រុង ស្រុកខណ្ឌដែលរួមមាន៖

-ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបង្កើន អាសនៈពី២១រូបទៅដល់២៧រូប។
-ក្រុមប្រឹក្សាខេត្ត ត្រូវបានបង្កើន អាសនៈចន្លោះពី១៥រូប ទៅដល់២៧រូប។
-ក្រុមប្រឹក្សាក្រុងត្រូវបានបង្កើន អាសនៈចន្លោះពី១១រូប ទៅដល់២១រូប។
-ក្រុមប្រឹក្សាស្រុក,ខណ្ឌត្រូវបានបង្កើន អាសនៈចន្លោះពី១១រូបទៅដល់២១រូប។
សូមជំរាបថា រដ្ឋសភាបានបញ្ចប់ការពិភាក្សាលើសេចក្តីព្រាងច្បាប់ទាំង២នេះរួច សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសពីវិស្សមកាល(វ៉ាកង) រដ្ឋសភា រយៈពេល៣ខែ គឺពីខែមករាដល់ខែ មីនាឆ្នាំ២០១៩ ទើបរដ្ឋសភាបើកបវេស្សកាល(ចូលកង)វិញ៕អត្ថបទ៖វងសុភ័ក្ត្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation