ក្រសួងព័ត៌មាន នឹងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គ្រោងនឹងបង្កើតស្ថានីយ៍ទូរទស្សន៍ ៣ឬ៤ប៉ុស្ដិ៍ បន្ថែមទៀត ដើម្បីផ្សព្វផ្សាយ ឱ្យបានទូលំទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ជាតិ លើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។

នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានAKP។

ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះ គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP និងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសម្លេងតែប៉ុណ្ណោះ។

ឯកឧត្តមបន្តថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាពខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជននិងប្រិយ មិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជាតិឱ្យកាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏មានគម្រោងបង្កើតកន្លែងផ្ទុក ទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែល បន្សល់ទុកជាយូរមកហើយ។

បច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំ ចំនួន៥១២អង្គភាព ព័ត៌មានព្រឹតិ្ដបត្រដែលផ្សាយតាមអនឡាញចំនួន៧២អង្គភាព ស្ថានីយទូរទស្សន៍ ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥។

ឯកឧត្តមរដ្ឋមន្រ្ដី កត់សម្គាល់ឃើញថា ទន្ទឹមនឹងការរីកចម្រើន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានកម្ពុជា ក៏មានការអភិវឌ្ឍខ្លួនផ្នែកសមត្ថភាព វិជ្ជាជីវៈ និងមានអ្នកសារព័ត៌មានមួយចំនួនអាចប្រឡូកអាជីពសារព័ត៌មានជាមួយអង្គភាពសារព័ត៌មានបរទេសតាមរយៈការសរសេរ និងធ្វើបទវិភាគឱ្យសារព័ត៌មានល្បីៗរបស់ពិភពលោក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation