សម្តេចតេជោ យល់ស្របតាមសំណើរ ៣ចំណុច របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពអប់រំ នៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យប្រតិភូសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដឹកនាំដោយលោក ហេង វ៉ាន់ដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ លោក ហេង វ៉ាន់ដា​​ បានគោរពរាយការណ៍ ជូនសម្ដេចតេជោ ពីសកម្មភាពរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំកន្លងមក ពាក់ព័ន្ធនឹងវិស័យអប់រំផង ពាក់ព័ន្ធនឹងវិស័យមនុស្សធម៌ផង រួមទាំងបញ្ហាសង្គមផង ។ ពីនេះទៅទៀត លោក​ក៏បានគោរពជម្រាបជូនសម្តេចតេជោ អំពីយុទ្ធសាស្រ្តរបស់​ សមាគមគ្រឹះស្ថានឧត្តមសិក្សាផងដែរ។ ​ឆ្លៀតឱកាសនោះ តាំងនាមឲ្យប្រតិភូទាំងមូល លោក ហេង វ៉ាន់ដា បានគោរពស្នើសុំសម្ដេចតេជោ មេត្តាពិចារណា បង្កើតក្រុមការងារគុណវុឌ្ឍជាតិ ដើម្បីចូលរួមពិនិត្យ កែសម្រួលគុណវុឌ្ឍជាតិកម្ពុជា។ ទី២ ស្នើសុំបង្កើតក្រុមការងារ រវាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនឹងក្រសួងអប់រំ និងទី៣ បង្កើតក្រុមការងារ រវាងសមាគមគ្រឹះស្ថានឧត្តមសិក្សា ជាមួយក្រសួងសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែក របស់សមាគមគ្រឹះស្ថានឧត្តមសិក្សា លើវិស័យអប់រំ លើវិស័យមនុស្សធម៌ និងលើវិស័យសង្គមផងដែរ។ ពាក់ព័ន្ធនឹងសំណើរ ដែលលោក​បានលើកឡើង សម្ដេចបានសម្រេចថា ទី ១បង្កើតគណៈកម្មការរួមមួយ រវាងស្ថាប័នដែលពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំទាំងអស់ ទី២ ជូនឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំជាប្រធាន ទី៣បង្កើតលេខាធិការដ្ឋានមួយ នៅក្នុងក្រោមចំណុះ ក្រសួងអប់រំ ហើយនៅពេលដែល គណៈកម្មការនេះបង្កើតហើយ គណៈកម្មការនេះ ត្រូវពិនិត្យបង្កើតយន្តការនេះ ហើយគណៈកម្មការនេះ ត្រូវរៀបចំពិនិត្យឡើងវិញ ​នូវអនុក្រឹត្យ ពាក់ព័ន្ធនឹងគុណវុឌ្ឍជាតិ ដែលជាធម្មនុញ្ញភាព សម្រាប់វិស័យអប់រំ។

នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានកត់សម្គាល់ឃើញថា ឆ្នាំកន្លងមក គឺមានសំណើរជាច្រើនពាក់ព័ន្ធ នឹងការអនុគ្រោះពន្ធ-ល- ប៉ុន្តែជំនួបលើកនេះ គឺពុំមានសំណើរទៀតឡើយ ផ្ទុយទៅវិញមានតែសំណូមពរ ដែលទាក់ទងនឹងការបង្កើនគុណភាព ប្រសិទ្ធភាព នៃដំណើរការការងារ លើវិស័យអប់រំ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation