ព័ត៌មានជាតិ

ក្នុងឆ្នាំ២០១៨ បទល្មើសជាង៥ពាន់ករណីត្រូវបានបង្ក្រាបនៅតាមព្រំដែនកម្ពុជា-ថៃ វៀតណាមនិងឡាវ

image

ភ្នំពេញ៖ យោងតាមរបាយការណ៍ កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួង ការពារជាតិ បានបង្ហាញថា ឆ្នាំ២០១៨កន្លងទៅនេះ កងទ័ពជើងគោក បានសហការ និងម្ចាស់ការល្បាតការពារ និងត្រួតពិនិត្យបង្គោលសីមា ភូមិសាស្ត្រ ទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ សរុបបានចំនួន ៥,១៩៣លើក (ព្រំដែនកម្ពុជា-ថៃ២,៤៩៧លើក កម្ពុជា-វៀតណាម១,២៥០លើក កម្ពុជា-ឡាវ១,៤៤៦លើក)។

អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា សម្រាប់ឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្តុំ អនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីផែនការកែទម្រង់ កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានពង្រឹងប្រៀបការពារជាតិ លើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រ ទទួលខុសត្រូវ និងចូលរួម ទប់ស្កាត់បទល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតមាន ដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះ មានការអញ្ជើញរួមចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន និងបណ្តាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិជាច្រើនទៀត៕