
គ្រោះថ្នាក់ចរាចរណ៍ពេញមួយ ឆ្នាំ២០១៨សម្លាប់មនុស្ស ១៧៦១ នាក់ និងរបួស ៤៧៧១ នាក់

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨ គិតចាប់ពីខែមករា ដល់ខែធ្នូ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានសម្លាប់មនុស្សសរុប ១៧៦១ នាក់ និងរបួសសរុប៤៧៧១នាក់។ចំនួនអ្នកស្លាប់ និងរបួសនេះ បានថយចុះ បើធៀបនឹងឆ្នាំ២០១៧ ព្រោះថាក្នុងរយៈពេល១២ខែដូចគ្មាកាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស រហូតដល់ ១៧៨០ នាក់ និងអ្នករងរបួសសរុប ៥៥៣៩ នាក់។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ តាមខែ នីមួយៗ ដោយក្នុងនោះខែមេសា ដែលជារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេបើធៀបនឹងខេត្តដទៃទៀត ដោយក្នុងនោះរួមមាន ៖
-ខែមករា កើតឡើង ៣០៤លើក បណ្តាលឲ្យស្លាប់១៦៨នាក់ និងរបួសសរុប៣៩៥នាក់។
-ខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង ២៥៣លើក បណ្តាលឲ្យស្លាប់ ១៥៧នាក់ និងរបួសសរុប ៤១២នាក់។
-ខែមីនា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ២៦២ លើក ស្លាប់១៥៥ នាក់ និងរបួសសរុប ៤២៧នាក់។
-ខែមេសា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ៣១៦ លើក បណ្តាលឲ្យស្លាប់ ១៧៧ នាក់ និងរបួស ៤៧៤ នាក់។
-ខែឧសភា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង ២៥៥ លើក បណ្តាលឲ្យស្លាប់ ១៤១ នាក់ និងរបួស ៣១៨នាក់។
-ខែមិថុនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កើតឡើង ២៤៣ លើក បណ្តាលឲ្យស្លាប់ ១៣២ នាក់ និងរបួស ៣៧៣នាក់។
-ខែកក្កដា ឆ្នាំ២០១៨ កើតឡើង ២៣៨ លើក បណ្តាលឲ្យស្លាប់ ១៣០ នាក់ និងរបួស ៣៦១នាក់។
-ខែសីហា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៥៧ លើក ស្លាប់ ១២២នាក់ និងរបួសសរុប៣៣៥នាក់។
-ខែកញ្ញា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៥០ លើក បណ្តាលឲ្យស្លាប់ ១៣១ នាក់ និងរបួស ៣៣២នាក់។
-ខែតុលា កើតឡើង ៣០៩ លើក បណ្តាលឲ្យស្លាប់ ១៦៦នាក់ និងរបួសសរុប៤៧៧នាក់។
-ខែវិច្ឆិកា ចំនួន ២៨៧លើក ស្លាប់ ១៤២នាក់ និងរបួស ៤៤២នាក់។
-ខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៩៣លើក បណ្តាលឲ្យស្លាប់ ១៤០នាក់ និងរបួស ៤២៥នាក់។
ចំណែកមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស ក្នុងឆ្នាំ២០១៨ គឺដោយសារការបើកបរល្មើសល្បឿនកំណត់,បើកបរប្រជែង,មិនគោរពសិទ្ធិ និងបើកបរមិនប្រកាន់ស្តាំជាដើម។
រីឯរាជធានី-ខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅខេត្តកណ្តាល។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១៧៨០ នាក់ និងរបួស ៥៥៣៩ នាក់ និងកាលពីឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១៧១៧ នាក់ និងរបួស ៦៦០៧ នាក់៕