ព័ត៌មានជាតិ

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ព្រះរាជក្រឹត្យ ផ្តល់ឋានៈជា សាស្ត្រាចារ្យ ក្នុងវិស័យការពារជាតិ ដល់នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានតែងតាំងជាសាស្ត្រាចារ្យ ក្នុងវិស័យការពារជាតិ

image

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះ រាជទាន ព្រះរាជក្រឹត្យផ្តល់ឋានៈជា «សាស្ត្រាចារ្យ ក្នុងវិស័យការពារជាតិ» តាមព្រះរាជក្រឹត្យលេខ នស/រកត ១២១៨/១៤៥៥ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានទូលថ្វាយបញ្ជាក់ថា ដោយផ្អែកទៅលើស្នាដៃ និងបទពិសោធន៍ ក្នុងការបម្រើការងារជូនជាតិមាតុភូមិរយៈពេលជាច្រើនឆ្នាំកន្លងមក និងមានសញ្ញាប័ត្រថ្នាក់បណ្ឌិត។

នាយឧត្តមសេនីយ៍ ជា តារា ជាអតីតគណៈមេបញ្ជាការសមរភូមិមុខទទួលភារកិច្ច ការពារទឹកដីនៅតំបន់ប្រាសាទព្រះវិហារ តំបន់ប្រាសាទតាមាន់ តាក្របី រួមជាមួយកងកម្លាំងជួរមុខ សម្រេចបានស្នាដៃយ៉ាងធំធេង ក្នុងការដឹកនាំកងទ័ពអនុវត្តតាមបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី មិនឲ្យធ្លាក់ដល់ដីឡើយ រហូតទទួលបានជោគជ័យទាំងយោធា នយោបាយ ការទូត និងផ្លូវច្បាប់ ក្នុងព្រឹត្តិការណ៍ព្រំដែនជាមួយប្រទេសថៃកន្លងមក។

នាយឧត្តមសេនីយ៍ ក៏បានទទួលអនុវត្តបទបញ្ជារបស់សម្តេចតេជោ ទៅចរចាជាមួយលោក ប្រាយុទ្ធ ចាន់អូឆា (កាលណោះជាមេបញ្ជាការ កងទ័ពជើងគោកថៃ) សម្រេចដោយជោគជ័យ ក្នុងការដកទាហានសៀមដែលហៅថា ជាឆ្អឹងទទឹង-ក១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ នៅវេលាម៉ោង១០៖៣០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០។
ក្នុងឆ្នាំ២០១៨នេះ ក្នុងតួនាទីជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ នាយឧត្តមសេនីយ៍ បានសកម្មក្នុងការចែករំលែកបទពិសោធន៍ ជាយុទ្ធសាស្ត្រការពារជាតិដល់ យោធាចារ្យ និងនិស្សិតសិក្ខាកាម បានយល់ដឹង និងតម្រង់ទិសសំដៅក្លាយជាកម្លាំងពិតមួយ អនុវត្តតាមគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជា នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ព័ត៌មានទាក់ទង...