នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដឹកនាំប្រជាជាតិកម្ពុជាប្រារព្ធមហាព្រឹត្តិការណ៍ ២០ឆ្នាំនៃសន្តិភាព នៅវិមានឈ្នះឈ្នះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយ ឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយ ឈ្នះ ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។

ពិធីនេះ ត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។

ការប្រារព្ធពិធីសម្ពោធវិមាននយោបាយ ឈ្នះ ឈ្នះ និងការអបអរសាទរខួប២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ នឹងធ្វើបន្តរហូតដល់ថ្ងៃ៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកល ២០១៨ ចូល២០១៩ ដោយពេលរាត្រីនឹងមានការបាញ់កាំជ្រួច និងការប្រគំតន្ត្រីសម្រាប់ជាការកម្សាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ ក៏នៅមានព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត រួមជាការតាំងពិព័រណ៍ផលិតផលជាច្រើនផងដែរ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ គឹជាខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃសម្ពោធជាផ្លូវការនូវ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលជាវិមានប្រវត្តិសាស្រ្តដ៏វិសេសវិសាលរបស់កម្ពុជា។

ពិធីអបអរសាទរដល់ខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ ឈ្នះ មានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន, រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និង​រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃផងដែរ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំ តំណាងអង្គទូត និងតំណាងស្ថានទូត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

វិមានឈ្នះ ឈ្នះ គឺជាវិមានប្រវត្តិសាស្រ្ត តំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមាននេះ តំណាងឱ្យជោគជ័យរបស់ប្រទេសកម្ពុជា ដែលបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។

ពិធីអបអរសាទរដល់ខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ ឈ្នះ អមជាមួយនឹងពិធីអបអរសាទរដល់បុណ្យចូលឆ្នាំសកល នឹងមានកម្មវិធីពិសេសជាច្រើនដូចជា ការសម្តែងរូបភាពរបស់កងយោធពលខេមរភូមិន្ទ, ការតាំងពិព័រណ៍នៅក្នុងសារមន្ទីរវិមានឈ្នះ-ឈ្នះ, ការតាំងពិព័រណ៍សមិទ្ធផល២០ឆ្នាំ របស់កងយោធពលខេរភូមិន្ទ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងវិស័យទេសចរណ៍ ពាណិជ្ជកម្ម, ការប្រកួតកីឡាវាយកូនគោល កីឡាផ្សេងៗ, កម្មវិធីប្រដាល់, កម្មវិធីលេងល្បែងប្រជាប្រិយ, កម្មវិធីរាំលេងសប្បាយ, កម្មវិធីបាញ់កាំជ្រួច រួមទាំងការសម្តែងសិល្បៈ ការប្រគំតន្រ្តីរយៈពេល៣យប់៣ថ្ងៃជាដើម។

ក្រសួងការពារជាតិ បានស្នើនិងអញ្ជើញ បងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមសម្ពោធ និងចូលរួមរីករាយ ជាមួយពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់ទាំងអស់គ្នា៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation