កម្ពុជារៀបចំមហាព្រឹត្តិការណ៍២០ឆ្នាំនៃសន្តិភាព ដែលជាថ្ងៃកំណើតទី៣ នៅវិមានឈ្នះឈ្នះនៅថ្ងៃស្អែក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ គឹជាខួបលើកទី២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាថ្ងៃសម្ពោធជាផ្លូវការនូវ វិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ដែលជាវិមានប្រវត្តិសាស្រ្តដ៏វិសេសវិសាលរបស់កម្ពុជា។

ពិធីអបអរសាទរដល់ខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ ឈ្នះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Ci Guowei អគ្គនាយក អគ្គនាយកដ្ឋានសហប្រតិបត្តិការយោធាអន្តរជាតិ គណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សាម៉ន ចាន់ញ៉ាឡាត់ រដ្ឋមន្រ្តីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងឯកឧត្តម នាយឧត្តមសេនីយ៍ Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃផងដែរ។ ថ្នាក់ដឹកនាំ តំណាងអង្គទូត និងតំណាងស្ថានទូត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

វិមានឈ្នះ ឈ្នះ គឺជាវិមានប្រវត្តិសាស្រ្ត តំណាងឱ្យការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។ វិមាននេះ តំណាងឱ្យជោគជ័យរបស់ប្រទេសកម្ពុជា ដែលបានរួបរួមគ្នាជាធ្លុងមួយ ឈ្នះរួចផុតពីសង្រ្គាម ឈ្នះរួចផុតពីរបបប្រល័យពូជសាសន៍ ឈ្នះរួចផុតពីការបែងចែកទឹកដីតំបន់ត្រួតត្រា ឈ្នះរួចផុតពីភាពក្រីក្រ និងឈ្នះរួចផុតពីការអុចអាលដោយបរទេស ដែលពេលនេះកម្ពុជាកំពុងដឹកនាំអនាគតវាសនាប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿងនៅក្នុងសន្តិភាពដ៏យូរអង្វែងនេះតទៅ។

ពិធីអបអរសាទរដល់ខួប២០ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ និងពិធីសម្ពោធវិមានឈ្នះ ឈ្នះ អមជាមួយនឹងពិធីអបអរសាទរដល់បុណ្យចូលឆ្នាំសកល នឹងមានកម្មវិធីពិសេសជាច្រើនដូចជា ការសម្តែងរូបភាពរបស់កងយោធពលខេមរភូមិន្ទ, ការតាំងពិព័រណ៍នៅក្នុងសារមន្ទីរវិមានឈ្នះ-ឈ្នះ, ការតាំងពិព័រណ៍សមិទ្ធផល២០ឆ្នាំ របស់កងយោធពលខេរភូមិន្ទ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងវិស័យទេសចរណ៍ ពាណិជ្ជកម្ម, ការប្រកួតកីឡាវាយកូនគោល កីឡាផ្សេងៗ, កម្មវិធីប្រដាល់, កម្មវិធីលេងល្បែងប្រជាប្រិយ, កម្មវិធីរាំលេងសប្បាយ, កម្មវិធីបាញ់កាំជ្រួច រួមទាំងការសម្តែងសិល្បៈ ការប្រគំតន្រ្តីរយៈពេល៣យប់៣ថ្ងៃជាដើម។

ក្រសួងការពារជាតិ បានស្នើនិងអញ្ជើញ បងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមសម្ពោធ និងចូលរួមរីករាយ ជាមួយពិធីសម្ពោធវិមានឈ្នះ ឈ្នះ និងពិធីអបអរសាទរដល់ខួបលើកទី២០ ឆ្នាំនៃនយោបាយឈ្នះ ឈ្នះ ដែលនឹងប្រារព្វធ្វើឡើងរយៈពេល៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ នៅមហាវិថីឈ្នះ ឈ្នះ ទល់មុខពហុកីឡដ្ឋានមរតកតេជោនៅតំបន់អភិវឌ្ឍន៍ លីយ៉ុងផាត់ទាំងអស់

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation