វៀតណាម ផ្តល់ថវិកា១០លានដុល្លារ ដើម្បីជួយសាងសង់ អគារទីស្តីការក្រសួងការពារជាតិកម្ពុជា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យ នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម ​ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

តាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តម ង៉ូ បានគោរព​ការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការបោះឆ្នោតនាពេលកន្លងមក និងជោគជ័យ នៃសន្និបាតគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ឯកឧត្តម ង៉ូ បានជម្រាបជូនសម្ដេចតេជោ អំពីជំនួបនិងកិច្ចព្រមព្រៀងជាមួយ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៨កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែលរួមមានកិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹង កិច្ចសហប្រតិបត្តិការផ្សេងទៀត។

ឯកឧត្តម ង៉ូ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសាងសង់​​អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។

ការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា ​និងការចុះកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់ឯកឧត្តមង៉ោ ផងដែរ ថាពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណា កំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែង ថាទីតាំងណា ដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងទីតាំងណាដែលរងគ្រោះ ដោយសារជម្ងឺរាតត្បាត ដើម្បីងាយស្រួល ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ ដែលកើតឡើងទាំងនោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ​។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភថវិកា ជួយកសាងអគារ ទីស្តីការក្រសួងការពារជាតិកម្ពុជា៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation