ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ខិតខំបំពេញបេសកកម្មការទូតរបស់ខ្លួន ​ឲ្យទទួលបានជោគជ័យ

image

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ បានអនុញ្ញាតឲ្យឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

បើតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ាង បានបង្ហាញមោទនភាព និងរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅពេលនេះ គឺស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ក្នុងន័យនេះ ឯកឧត្តម បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះមុខសម្តេចតេជោថា នៅក្នុងការបំពេញ បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់ មិត្តល្អ និងមិត្តដែកថែបរបស់ចិន។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្តម វ៉ាង ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចក៏បានឯកភាពជាមួយនឹងការលើកឡើង របស់ឯកឧត្តម វ៉ាង ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដោយសម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បុននេះ បានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។

សម្តេចបានលើកទឹកចិត្ត ដល់ឯកឧត្តម វ៉ាង ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណា ជំរុញឲ្យទទួលបានជោគជ័យ នូវរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នារួចមកហើយ។ សម្តេចក៏ស្នើឲ្យភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការ ផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើន នៃប្រទេសទាំងពីរ។

សម្តេចក៏បានជូនពរ ឲ្យឯកឧត្តម វ៉ាង ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជា៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី


ព័ត៌មានទាក់ទង...