ប្រទេសកូឡុំប៊ីបានជម្លៀសមនុស្សជិត៥ពាន់នាក់នៅផ្នែកភាគខាងជើង ខណៈដែលមានការព្រួយបារម្ភចំពោះការធ្លាយទំនប់វារីអគ្គិសនីមួយកន្លែង
ប្រទេសកូឡុំប៊ីបានចេញបញ្ជាឲ្យមានការជម្លៀសមនុស្សជិត៥ពាន់នាក់ដែលរស់នៅតាមបណ្តោយទន្លេខូខា (Cauca) ស្ថិតនៅផ្នែកភាគខាងជើងប្រទេស បន្ទាប់ពីមានការព្រួយបារម្ភថាអាចនឹងមានទឹកជំនន់ដ៏ធំកើតឡើងដោយសារបញ្ហាសំណង់នៅទំនប់វារីអគ្គិសនីមួយកន្លែង។
ភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យកើនឡើងនូវកម្រិតទឹកទន្លេខូខា (Cauca) ដែលបានផ្គត់ផ្គង់ដល់ទំនប់ អ៊ីទួនហ្គោ (Ituango) នៅក្នុងខេត្ត Antioquia ដែលជាគំរោងវារីអគ្គិសនីដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រទេសកូឡុំប៊ី។ ហើយបញ្ហានៃប្រព័ន្ធដំណើរការរបស់ម៉ាស៊ីន និងផ្លូវរូងក្រោមដីនៅទំនប់នោះបានធ្វើឲ្យអាជ្ញាធរប្រុងប្រយ័ត្នទុកជាមុនក្នុងកម្រិតខ្ពស់។
គួរកត់សម្គាល់ថា ទំនប់ដែលមិនទាន់បានចាប់ផ្តើមផលិតថាមពលនៅឡើយនោះ បានចំណាយប្រាក់នៅក្នុងការសាងសង់អស់ជិត៤ពាន់លានដុល្លារអាមេរិក ហើយត្រូវបានគ្រោងនឹងផលិតអគ្គិសនីចំនួន១៧%នៃតម្រូវការអគ្គិសនីនៅក្នុងប្រទេសកូឡុំប៊ី។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សសរុបជាង៤ពាន់៩រយនាក់ដែលរស់នៅតាមតំបន់ក្បែរមាត់ទន្លេត្រូវបានជម្លៀសទៅកាន់ជំរំបណ្តោះអាសន្នជាច្រើនកន្លែងឆ្ងាយពីតំបន់ដែលអាចនឹងជន់លិច៕